ព័ត៌មានជាតិ
មន្ត្រីជំនាញគ្រោងប្រែក្លាយភ្នំធិបតីទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀតក្នុងខេត្តបាត់ដំបង
លោក ហម អរុណ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យ «កម្ពុជាថ្មី» ដឹងថា មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីពាក់ព័ន្ធ គ្រោងប្រែក្លាយភ្នំធិបតីទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញទេសចរមកលេងកម្សាន្តកាន់តែច្រើន។

ការលើកឡើងរបស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបែបនេះ ក្រោយពីមានវត្តមានលោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអមដំណើរដោយមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងភ្នំធិបតីស្ថិតក្នុងស្រុកគាស់ក្រឡ។
លោក ហម អរុណ បានលើកឡើងបន្តថា ការចុះទៅគោលដៅភ្នំធិបតីពីសំណាក់មន្ត្រីនៃក្រសួងជំនាញ និងមន្ត្រីរដ្ឋបាលខេត្តកាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅថ្មីៗនេះ គឺក្នុងគោលបំណងសិក្សាពីសក្តានុពលទេសចរណ៍ និងរៀបចំដាក់ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងខេត្តបាត់ដំបង។

បន្ទាប់ពីចុះពិនិត្យទីតាំងជាក់ស្ដែងរួចមកនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារបានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសក្តានុពល និងព័ត៌មានពាក់ព័ន្ធស្តីពីតំបន់ភ្នំធិបតីដើម្បីជំរុញរៀបចំភ្នំធិបតី ឲ្យក្លាយជាគោលដៅទេសចរណ៍បែបធម្មជាតិ សាសនា និងវប្បធម៌ នាពេលខាងមុខ ។
លោកបន្តថា ការរៀបចំធ្វើជាគោលដៅទេសចរណ៍នៅតំបន់ភ្នំមួយនេះ នឹងបានពង្រីកនូវវិសាលភាពសេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅទីនោះបានយ៉ាងល្អប្រសើរ តាមរយៈការលក់ដូរចំណីអាហារ និងរបស់របរផ្សេងៗ ទៅតាមការច្នៃប្រឌិតរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

ការប្រែក្លាយជាគោលដៅទេសចរណ៍ ក៏នឹងបញ្ឈប់ការកាយថ្មភ្នំផងដែរ ខណៈដែលភ្នំមួយនេះ គឺជាតំបន់ភ្នំប្រវត្តិសាស្ត្រ និង វប្បធម៍ ដែលមានរូបព្រះពុទ្ធបដិមាដ៏ធំមួយនៅលើភ្នំលាតសន្ធឹងលើផ្ទៃដី ២៥០ហិតា គ្របដណ្ដប់ដោយព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ និងមានសត្វក្ងោកជាង ៣០០ ក្បាលរស់នៅ។
បើតាមមន្រ្តីទេសចរណ៍ខេត្តបាត់ដំបង ភ្នំធិបតីបច្ចុប្បន្នមានវត្តចំនួន១ ដែលមានឈ្មោះវត្តសុវណ្ណគិរី ហៅវត្តភ្នំធិបតី បានសាងសង់នៅខាងលើភ្នំតាំងពីឆ្នាំ១៩៣០ ក៏ដូចជាព្រះវិហារហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណវត្ត និងព្រះអង្គធំកម្ពស់ប្រមាណ ៣០ម៉ែត្រ នៅលើកំពូលភ្នំ ដោយមានធ្វើផ្លូវបេតុងឡើងទៅដល់ព្រះអង្គធំ ក៏បានក្លាយជាទីចាប់អារម្មណ៍សម្រាប់ប្រជាពលរដ្ឋពុទ្ធបរិស័ទក្នុងការមកបំពេញបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ក៏ដូចជាទស្សនាកម្សាន្តផងដែរ។

ស្របជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំធិបតី និងស្រុកគាស់ក្រឡ បានសម្តែងការរីករាយ ដោយបានលើកឡើងប្រហាក់ប្រហែលគ្នាឲ្យកម្ពុជាថ្មីដឹងថា ពួកគាត់សប្បាយចិត្តដោយបានឃើញមន្ត្រីជំនាញបានចុះមកពិនិត្យមើលភ្នំធិបតី បើទោះបីជាពួកគេមិនទាន់បានជ្រាបពីគោលបំណងរបស់មន្ត្រីជំនាញក៏ដោយ។
ពលរដ្ឋ បន្តថា «ពួកខ្ញុំ និងអ្នកភូមិនៅអត់ទាន់ដឹងថា មន្ត្រីចុះមកធ្វើអីផង ពួកខ្ញុំដឹងតែម្យ៉ាង គឺនាំគ្នាសប្បាយចិត្ត ដោយបានឃើញបែបនេះ ពិសេសការយកចិត្តទុកដាក់និងភ្នំមួយនេះ ដែលជាភ្នំប្រវត្តិសាស្ត្រ និងវប្បធម៌ឲ្យផុតពីការបំផ្លិចបំផ្លាញក្រុមឈ្មួញ»៕
អត្ថបទ៖ សៅ សារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


