ព័ត៌មានជាតិ
ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី ១ ស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ បានបើកការដ្ឋានសាងសង់
ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ដែលបំពាក់ដោយប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ បានសម្ពោធបើកការដ្ឋានសាងសង់នៅលើទំហំដីជាង ៣ ហិកតាក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង ១ លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើនពោលគឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលចំនួន ៦០ ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០៥០។
ថ្នាលបណ្តុះកូនឈើទី ១ សាងសង់ឡើងស្ថិតក្នុងភូមិ ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។


លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន»។
លោកបានលើកឡើងបន្ថែមថា ថ្នាលបណ្តុះកូនឈើនេះ រួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ថ្នាលបណ្តុះកូនឈើទី១ នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឲ្យបានច្រើន ក៏ដូចជាជួយថែរក្សានិងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់និងខ្យល់សម្រាប់ដកដង្ហើម។
លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានថ្លែងថា UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន ១ លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។
កន្លងមក UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា បានបញ្ជាក់ថា ការចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានទាំងភាពស្អាត ភាពបៃតង និងចីរភាព។
កញ្ញា បានថ្លែងថា ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពី ភាពជាដៃគូ ស្ថានីយ៍នេះ សបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់កម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


