ព័ត៌មានជាតិ
កិច្ចប្រជុំប្រាក់ឈ្នួលកម្មករ៖ ថៅកែរក្សាតួលេខឡើង២ដុល្លារ ខណៈសហជីពដាក់តួលេខ៣ជម្រើស
កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើន ៣ផ្សេងគ្នា គឺ៦ដុល្លារ, ៧ដុល្លារ និងតួលេខ១០ដុល្លារ។ រីឯតំណាងភាគីនិយោជក បានស្នើរក្សាតួលេខកំណើនចំនួន ២ដុល្លារដដែល។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគីដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១១លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន៤លើក និងតំណាងភាគីនិយោជកចំនួន៣លើក។
លោករដ្ឋមន្ត្រី ហេង សួរ បានលើកឡើងថា ភាគីកម្មករនិយោជិត និងភាគីនិយោជក បានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយតំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

បើតាមលោករដ្ឋមន្ត្រី ជាលទ្ធផលសម្រាប់កិច្ចប្រជុំលើកទី៤ នាថ្ងៃនេះ គឺតំណាងភាគីកម្មករនិយោជិត ស្នើតួលេខកំណើនរបស់ខ្លួនចំនួន ៣ផ្សេងគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និងតួលេខ ១០ដុល្លារ លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ ព្រមទាំងភ្ជាប់នូវសំណើចំនួន ៧ចំណុច ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីពិចារណាដោះស្រាយ។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខកំណើនចំនួន ២ដុល្លារទៅលើតួលេខបច្ចុប្បន្ន ២០៤ដុល្លារ។
បើទោះបីជាតួលេខរវាងភាគទាំងពីរ មិនទាន់ត្រូវគ្នាក៏ដោយ តែលោករដ្ឋមន្ត្រី បញ្ជាក់ថា អង្គប្រជុំបានឯកភាពគ្នាកំណត់ យកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បន្តកិច្ចប្រជុំត្រីភាគីចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្លូវការរបស់កម្មករសម្រាប់ឆ្នាំ២០២៥៕


-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ