ព័ត៌មានជាតិ
លោក ស សុខា ជំរុញអាជ្ញាធរមូលដ្ឋានខេត្តពោធិ៍សាត់ពង្រឹងគុណភាពផ្តល់សេវាសាធារណៈ
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរមូលដ្ឋាននៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខិតខំពង្រឹងគុណភាពនៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស បង្ក្រាបបទល្មើសគ្រឿងញៀន និងបទល្មើសនេសាទ។
ការជំរុញនេះ ធ្វើឡើងនាឱកាសលោក ស សុខា បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល របស់អាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយតំណាងប្រជាជនរស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះ លោក ស សុខា បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់ជំនាញក្នុងឃុំកំពង់លួង ទាំងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សាលារៀន និងមណ្ឌលសុខភាព បានបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ លោកក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់តួអង្គក្នុងមូលដ្ឋានឃុំកំពង់លួង ខិតខំពង្រឹងគុណភាពនៃការផ្ដល់សេវា ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវសហការជាមួយអធិការដ្ឋានស្រុក ថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវគ្រប់គ្រងឱ្យបានល្អរាល់ការអនុវត្តការងារឯកសារផ្សេងៗរបស់ប្រជាជន។
ក្នុងន័យនេះដូចគ្នា ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាជនក្នុងមូលដ្ឋានឃុំកំពង់លួង បន្តចូលរួមសហការគោរពច្បាប់ជាមួយអាជ្ញាធរ ទាំងការងារគ្រប់គ្រងរដ្ឋបាល ការទប់ស្កាត់បទល្មើសនេសាទ និងបទល្មើសគ្រឿងញៀនជាដើម។ លោកក៏បានអំពាវនាវឱ្យបន្តចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ថែរក្សាសុខភាព និងអនាម័យ ជាពិសេសខិតខំបង្កលក្ខណៈឱ្យកូនចៅបានទទួលការអប់រំ។

ក្នុងជំនួបសំណេះសំណាលនោះដែរ លោក ស សុខា ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តថែរក្សាសន្តិភាព និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ផ្ដោតលើការពង្រឹងគុណភាពធនធានមនុស្ស ទាំងចំណេះដឹងនិងសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការធ្វើទំនើបកម្មការងារតាមប្រព័ន្ធឌីជីថល ក្នុងន័យដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


