Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ថា រដ្ឋាភិបាលផ្អាកផ្ទេរមុខងារឱ្យថ្នាក់ក្រោមជាតិ​ ដើម្បីពិនិត្យការអនុវត្តឡើងវិញ

បានផុស

នៅ

រដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមួយរយៈសិន ដើម្បីពិនិត្យកែលម្អឡើងវិញទៅលើការអនុវត្តមុខងារ សំដៅធានា និងបង្កើនគុណភាព និងប្រសិទ្ធភាពការងារ។ នេះជាការថ្លែងឱ្យដឹងដោយប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងពីភាពចាំបាច់ដែលរាជរដ្ឋាភិបាល នីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយលោក បញ្ជាក់ដូច្នេះថា «នេះជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថា មុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព»

ការថ្លែងរបស់លោកប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ជាន់ហ្រ្វាំងផ្អាកមួយរយៈនេះ បើតាមឧបនាយករដ្ឋមន្ត្រី ស សុខា មិនមែនមានន័យបែបអវិជ្ជមានក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនោះទេ ពីព្រោះឆ្លងកាត់ការអនុវត្តរយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជាស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។

ក្នុងន័យគាំទ្រ និងពេញចិត្តនេះ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក៏ព្រោះតែ រាជរដ្ឋាភិបាលនីតិកាលមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធាន គ.ជ.អ.ប. បានផ្ទេរមុខងារជាង៨០០ប្រភេទជាបន្តបន្ទាប់ឱ្យរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងឃុំសង្កាត់។ ជាក់ស្ដែង យន្តការច្រកចេញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាព និងគុណភាព។

ប្រមុខក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ងាយៗអំពីភាពចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះកំពុងស្ថិតក្នុងស្ថានភាពខ្វះមន្រ្តីបច្ចេកទេសអនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យបានសមស្រប។

លោក បន្តថា សិក្ខាសាលានៅពេលនេះ ក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ ហើយបន្ថែមពីនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការងារ សង្ឃឹមថា អង្គការ ILO-BFC នឹងជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទូកងល្បី​ឈ្មោះ​ចំណុះ ៧៥​ នាក់មួយ​​នៅ​ខេត្តក្រចេះ​សន្យា​សាងកេរ្តិ៍ឈ្មោះ យកជ័យជំនះ​ជូន​ភូមិស្រុក​

ព័ត៌មានជាតិ១១ ម៉ោង មុន

អង្ករសែនក្រអូបកម្ពុជា ឈ្នះជើងឯកពានរង្វាន់មាសជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានី ណែនាំ១៣ចំណុច ពាក់ព័ន្ធ​ការ​មិនអនុញ្ញាតឱ្យយានយន្ត ចូល​តំបន់នៃព្រះរាជពិធី

ព័ត៌មានជាតិ១៣ ម៉ោង មុន

លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង  ក្នុងខេត្តមណ្ឌលគិរី

Sokha Hotels

ព័ត៌មានពេញនិយម