Connect with us

ព័ត៌មានជាតិ

កម្ពុជាពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទទួលជួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញរបស់អាល្លឺម៉ង់ ដោយភាគីទាំងពីរ បានផ្ដោតការពិភាក្សាលើកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជំនាញនេះ ដឹកនាំដោយលោក Werner Gatzer អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុសហព័ន្ធអាល្លឺម៉ង់ ដែលជាក្រុមបេសកកម្មពិគ្រោះយោបល់ស្តីពីវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅកម្ពុជា ហើយមានការចូលរួមពីតំណាងកម្មវិធី GIZ-ISD។

ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការបែងចែកធនធានហិរញ្ញវត្ថុ ប្រភពចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងយន្តការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្ម។

ក្រុមបេសកកម្មនេះ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបានបង្ហាញការចាប់អារម្មណ៍ជាពិសេសលើយន្តការផ្ទេរធនធានហិរញ្ញវត្ថុ ការគ្រប់គ្រងចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធថវិកា និងគណនេយ្យភាពហិរញ្ញវត្ថុ ព្រមទាំងលទ្ធភាពក្នុងការពង្រឹងស្វ័យភាពហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមបរិបទកម្ពុជា។

ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ និងបទពិសោធលើគោលនយោបាយ និងការអនុវត្តវិមជ្ឈការហិរញ្ញវត្ថុ ព្រមទាំងបានឯកភាពលើសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងការគាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ស្វ័យភាពកាន់តែប្រសើរ ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម