ព័ត៌មានជាតិ
រដ្ឋាករទឹកខេត្តមណ្ឌលគិរីបំពាក់បរិក្ខារថ្មី បង្កើនសមត្ថភាពផលិតទឹកស្អាត ១ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ
បរិក្ខារប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចថ្មីមួយ បានដាក់សម្ពោធឱ្យដំណើរការក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកមណ្ឌលគិរីចំនួន ៥០% បន្ថែមទៀត។
ក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២ 000 ម៉ែត្រគូប ទៅ ៣ 000 ម៉ែត្រគូបក្នុងមួយថ្ងៃ។

ពិធីសម្ពោធត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបង្ហាញពីជំហានឆ្ពោះទៅមុខថ្មីមួយទៀត ក្នុងការដោះស្រាយតម្រូវការទឹកស្អាតក្នុងក្រុងសែនមនោរម្យ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា គម្រោងខ្នាតតូចតម្លៃ ១៥៦ ១៥០ ដុល្លារនេះ គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។

មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០ លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០ លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។
លោករដ្ឋមន្រ្តីបានបន្ថែមថា ជំនួយនិងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំងនេះ បានរួមចំណែកធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតរបស់ប្រជាជន ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។



ថ្លែងក្នុងពិធីសម្ពោធ ឯកអគ្គរាជទូតជប៉ុន លោក UENO Atsushi បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។
“យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន។ នៅពេលអនាគត វាមានសារៈសំខាន់ណាស់ក្នុងការពង្រីក “ភ្នំពេញអច្ឆរិយៈ” ទៅកាន់តំបន់ប្រជុំជនផ្សេងទៀតនៃប្រទេសកម្ពុជា និងធ្វើឱ្យលទ្ធភាពទទួលបានសេវាទឹកស្អាត អាចសម្រេចបាននៅទូទាំងប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ”។ លោក UENO Atsushi បញ្ជាក់បន្ថែម៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


