ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ម្លប់សន្តិភាព ជំរុញពលរដ្ឋគ្រប់ៗ រូប មានឱកាសប្រកបមុខរបរ និងធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លារៀងខ្លួន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ម្លប់សន្តិភាពបានជំរុញឲ្យពលរដ្ឋគ្រប់ៗ រូប មានឱកាសធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លា និងប្រកបមុខរបរទៅតាមលទ្ធភាពរៀងៗ ខ្លួន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលផ្តើមគំនិត រួមជាមួយ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ, លោកជំទាវ អាន្នី សុខអាន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តទួលសង្កែ បានរៀបចំពិធីសូត្រមន្ត នៃអង្គកឋិនទាននៅវត្តទួលសង្កែ នៅរសៀលថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា យើងមានអ្វីៗ គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ព្រោះមានម្លប់សន្តិភាពដែលបានមកដោយកម្រនិងលំបាកបំផុតដោយលះបង់អាយុជីវិត សាច់ស្រស់ឈាមស្រស់របស់ប្រមុខដឹកគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់តស៊ូរំដោះជាតិពន្លត់ភ្លើងសង្គ្រាមបានទាំងស្រុងទម្រាំមានថ្ងៃនេះ។ សន្តិភាពបានជំរុញឲ្យពលរដ្ឋគ្រប់ៗ រូប មានឱកាសប្រកបមុខរបរ និងធ្វើបុណ្យទានតាមសទ្ធាជ្រះថ្លារៀងខ្លួន។ ដូចនេះហើយយើងទាំងអស់គ្នា ត្រូវតែបន្តថែរក្សាការពារសន្តិភាពឲ្យបានគង់វង្សជារៀងរហូតទៅ។
សូមបញ្ជាក់ថា អង្គកឋិនទានសាមគ្គីនេះ មានកម្មវិធីដូចជា ល្ងាចនេះរៀបចំពិធីសូត្រមន្ត ហើយព្រឹកឡើងថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងដង្ហែ នៃអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តី អាចធ្វើបានក្នុងសម័យតែ ១ ខែគត់ (២៩ ថ្ងៃ) ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក។
ពាក្យថា កឋិនសព្ទនេះ បើតាមអត្ថកថាលោកសំដៅយកពុទ្ធដីកា ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ហៅថាកឋិន។ កឋិននេះ លោកពន្យល់ថា មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺ ៖ ១.ប្រែថារស់បានដោយកម្រ សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ> កថិនោ សភាវៈឯណារស់នៅបានដោយកម្រ សភាវៈនោះហៅថាកឋិន ព្រោះលោកប្រៀបថាដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី ក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ។ ២.ប្រែថាពោលសរសើរ ព្រោះចីវរទានដែលយើងបានកសាងជាកឋិននេះ ជាទានវិសេសជាងទានដទៃៗ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសើរថាជាទានវិសេសអាចរួបរួម ឬសង្គ្រោះទុក្ខនូវអានិសង្ស ៥ យ៉ាង របស់ភិក្ខុអ្នកក្រាលគ្រង មិនឲ្យទៅក្នុងទីដទៃបានសមដូចវិគ្គហ ថាបញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វ កថតិ សង្គណ្ហាតីតិ> កថិនំ ធម្មជាតិឯណាក្រៀកទុក ឬសង្គ្រោះទុកនូវអានិសង្សទាំង ៥ មិនឲ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថា កឋិន។ ក្នុងវត្តមួយបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះត្រាតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ ១ អង្គ ដែរ ហើយដែលបានចាំវស្សាអស់ ៣ ខែ បានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។ បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនបានដូចគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃទទួលកឋិន ហើយធ្វើកឋិនត្ថារកិច្ច គឺការក្រាលគ្រង និងអនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ដែលកើតមានដល់សង្ឃប៉ុណ្ណោះ។
ការរៀបចំផ្ដួចផ្ដើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចម្រុងចម្រើនជារៀងរហូតទៅ៕
អត្ថបទ ៖ វិមាន
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន