Connect with us

ព័ត៌មានជាតិ

ដោយបទល្មើសនេសាទទ្រង់ទ្រាយធំត្រូវបានបង្ក្រាប សម្ដេចធិបតី ថា ឆ្នាំនេះទិន្នផលត្រីកើនច្រើន

បានផុស

នៅ

ដោយសារបទល្មើសនេសាទទ្រង់ទ្រាយធំ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កត្តារួមចំណែកមួយនៃការកើនឡើងទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផល ដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។

សម្ដេចធិបតី ថា តាមរយៈលទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។

សម្ដេចធិបតី បានលើកឡើងក្នុងឱកាសដឹកនាំសន្និបាតការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដូច្នេះថា៖ «ចំពោះរឿងនេសាទនេះសូមឱ្យច្បាស់ គឺប្រជាពលរដ្ឋ ជាគោល បើយើងអនុវត្ត គឺអនុវត្តទៅលើអ្នកដែលទ្រង់ទ្រាយធំ ហើយខូចប្រយោជន៍ធំ ហើយសម្រាប់ប្រជាពលរដ្ឋ​ គឺត្រូវមានភាពបត់បែន ជួនកាលប្រជាពលរដ្ឋអត់មានទេ អួនខ្លះមួយគីឡូដីហ៎ បើថា ប្រជាពលរដ្ឋ សហគមន៍ មានអួនមួយគីឡូដី ខ្ញុំពិបាកជឿណាស់»

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះ ដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទ និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា។

ពីវេទិកានេះដែរ តបនឹងការលើកឡើងថា ត្រីច្រើន តែអត់មានទីផ្សារ សម្ដេចធិបតី ឆ្លើយបញ្ជាក់ទៅវិញថា «សុខចិត្តឱ្យគេថា ត្រីច្រើន អត់ទីផ្សារ ប្រសើរជាងអត់ត្រីឱ្យប្រជាជន ដោយសារយើងគ្រប់គ្រងធនធានធម្មជាតិអត់បាន»។ សម្ដេច បន្ថែមថា «ប្រជាពលរដ្ឋលក់ គាត់លក់សល់ ហើយបានចំណូល ជាជាងអត់អីលក់ ហើយត្រីថោកសម្រាប់អ្នកហូប ប្រសើរជាងត្រីថ្លៃ ប្រជាពលរដ្ឋអត់លទ្ធភាពទិញ»

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម