ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវនិយោជកយកចិត្តទុកដាក់ថែទាំសុខភាព កម្មករ-និយោជិត ក្នុងពេលអាកាសធាតុក្ដៅខ្លាំង
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់កម្មករ-និយោជិតក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដើម្បីជៀសវាងនូវការដួលសន្លប់ ឬបញ្ហាផ្សេងៗ ដែលបណ្តាលមកពីអាកាសធាតុក្តៅ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ មីន នេះថា«រដូវក្តៅបានឈានចូលមកដល់ហើយ ខ្ញុំសូមអំពាវនាវដល់និយោជកយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពដល់កម្មករ-និយោជិត ក្នុងនោះត្រូវលើកកម្ពស់ការទទួលខុសត្រូវលក្ខខណ្ឌការងារ ការគោរពច្បាប់ការងារ រៀបចំកន្លែងធ្វើការឱ្យមានផាសុកភាព មានខ្យល់ចេញចូលគ្រប់គ្រាន់ មានកង្វារ មានម៉ាស៊ីនស្រូបកម្ដៅ ដាក់ម៉ាស៊ីនត្រជាក់ ឬផ្លាស់ប្ដូរដំបូលការពារពន្លឺថ្ងៃ ឬឧស្សាហ៍បាញ់ទឹកឱ្យមានភាពត្រជាក់នៅកន្លែងធ្វើការ ត្រូវមានរៀបចំកន្លែងសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះករណីមានកម្មករ-និយោជិត មានការដួលសន្លប់ ឬករណីផ្សេងៗ ទៀត ដែលបណ្តាលមកពីអាកាសធាតុក្តៅនេះ»។

លោក កត្តា អ៊ន ក៏បានណែនាំដល់កម្មករ-និយោជិត ត្រូវហូបទឹកឱ្យបានច្រើន និងទៀងទាត់ ដើម្បីឱ្យខ្លួនប្រាណមានទឹកគ្រប់គ្រាន់ទប់ទល់នឹងកម្ដៅ និងកុំទទួលទានភេសជ្ជៈផ្អែមៗ ព្រោះវាមិនអាចធ្វើឱ្យបាត់ស្រេកទឹកបានទេ ត្រូវស្លៀកសំលៀកបំពាក់តាមរដូវ និងពេលធ្វើដំណើរកាត់ថ្ងៃត្រូវពាក់មួក និងមានឆត្របាំងពន្លឺ ត្រូវបរិភោគអាហារមានសុខភាព និងអនាម័យ និងមានវីតាមីន និងជៀសវាងបរិភោគអាហារទាំងឡាយណាដែលអាចបង្កឱ្យឆ្លងមេរោគបណ្តាលឱ្យចុកពោះ រាករូស ឬប៉ះពាល់សុខភាព។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់រាយការណ៍អ្នកគ្រប់គ្រងរោងចក្រចាត់ចែងជួយសង្គ្រោះបឋមឱ្យបានទាន់ពេលវេលា។

លើសពីនេះ លោក កត្តា អ៊ន បានអំពាវនាវម្ចាស់រោងចក្រសហគ្រាសចូលរួមអនុវត្តលក្ខខណ្ឌការងារ និងបរិស្ថាន ឱ្យបានល្អ ដើម្បីលើកកម្ពស់សុខសុវត្ថិភាពដល់កម្មករ-និយោជិត នៅកន្លែងធ្វើការកាន់តែប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា ថ្មីៗ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ-និយោជិត សំដៅធានាបាននូវបរិយាកាសនៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាព ទប់ស្កាត់បាននូវគ្រោះអគ្គិភ័យ និងករណីដួលសន្លប់តាមសហគ្រាសគ្រឹះស្ថាន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


