Connect with us

ព័ត៌មានជាតិ

អស្ចារ្យណាស់! រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំកម្ពុជា នឹងដាក់តាំងបង្ហាញនៅអន្តរជាតិដល់ឆ្នាំ ២០២៧

បានផុស

នៅ


រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ស្តីពី រាជសំរឹទ្ធអង្គរ៖ សិល្បៈនៃអាទិទេព“Angkor Royal Bronzes: Art of the Divine”។ ពិព័រណ៌នេះ ត្រូវបានរៀបចំនៅប្រទេសបារាំង ដែលរៀបចំសហការដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ(Guimet) សាលាបារាំងចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្រសួងវប្បធម៌ បានឱ្យដឹងថា ពិព័រណ៍មិនអចិន្ត្រៃយ៍ខាងលើនេះ នឹងដាក់តាំងនៅសារមន្ទីរហ្គីមេប្រទេសបារាំងរយៈពេល ៤ ខែដោយគិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ហើយពិព័រណ៍នេះទាំងស្រុងនឹងបន្តទៅដាក់តាំងផ្សព្វផ្សាយនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ២០២៥។ ដោយឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋមីនីសូតានាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំចំនួន១ នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរAsian Art Museum, San Francisco រហូតដល់ដើមឆ្នាំ២០២៧។


លោកស្រី ភឿង សកុណា បញ្ជាក់ថា​​៖«កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុតនាំកម្ពុជាទៅលើឆាកអន្តរជាតិ»។

ក្រោមការដឹកនាំ​ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ រាជរដ្ឋាភិបាលបានរមែងទុកវប្បធម៌ជាអទិភាពក្នុងវិស័យការទូត ជាការពង្រឹងអត្តសញ្ញាណជាតិ រួមទាំងជំរុញពីសក្តានុពលទេសចរណ៍​កម្ពុជា​ ក៏ដូចជាការត្រៀមរៀបចំទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាឆ្នាំក្រោយនេះ។



សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បញ្ជាក់ថា កិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ពិសេសនៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ និងខិតខំចុះបញ្ជីសម្បត្តិបេតិកភណ្ឌជាតិទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ជាដើម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម