ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ គោលដៅសំខាន់នៃការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ គឺការផ្ដល់សេវាល្អនៅមូលដ្ឋាន
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា គោលដៅសំខាន់នៃកម្មវិធីប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺការផ្ដល់នូវសេវាសាធារណៈល្អនៅមូលដ្ឋាន ប្រកបដោយវិជ្ជាជីវៈ ស្របតាមសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាជន។

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ជារឿយៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមប្រធាន គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) តែងតែបានថ្លែងការអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមជំរុញចលនានៃការប្រឡងប្រណាំង ក្នុងន័យចូលរួមលើកកម្ពស់ភាពរីកចម្រើន និងភាពទំនើបស៊ីវិល័យនៃរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងបរិបទបច្ចុប្បន្ន និងបន្តទៅអនាគត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីជំរុញគាំទ្រ និងចូលរួមផ្ទាល់ក្នុងចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលកន្លងមកពីគ្រប់ភាគី។
ឯកឧត្ដម បានសង្កត់ធ្ងន់ថា «កម្មវិធីនេះ មិនសំដៅលើការឈ្នះនិងចាញ់ ឬការចង់ទទួលបាននូវពានរង្វាន់តែមួយមុខនោះទេ។ គោលដៅសំខាន់ គឺការផ្ដល់នូវសេវាសាធារណៈល្អនៅមូលដ្ឋាន ប្រកបដោយវិជ្ជាជីវៈ ស្របតាមសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាជន»។ លើសពីនេះ ចលនាប្រឡងប្រណាំង និងវេទិកាពាក់ព័ន្ធនានា បានអនុញ្ញាតឱ្យអង្គភាពនីមួយៗបាន សិក្សារៀនសូត្រ ចែករំលែកបទពិសោធជូនគ្នាទៅវិញទៅមក ដើម្បីយកទៅអភិវឌ្ឍអង្គភាពរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។

គិតមកដល់ពេលនេះ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយ គ.វ.ជ. នៅតាមតំបន់ចំនួន៤ បានបញ្ចប់ជាស្ថាពរ។ សិក្ខាកាមទាំង ៤តំបន់ ទទួលបានការអញ្ជើញចូលរួម ពីសំណាក់រដ្ឋបាលរាជធានី ខេត្តទាំង២៥ អភិបាល និងគណៈអភិបាល គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់រាជធានីខេត្ត ថ្នាក់ ក្រុង ស្រុក ខណ្ឌ មន្ត្រីអប់រំនៃការិយាល័យអប់រំស្រុក មន្ត្រីសុខាភិបាលនៃការិយាល័យស្រុកប្រតិបត្តិ សាលាបឋមសិក្សា និងអនុវិទ្យាល័យ និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន៤២៥២នាក់។
សិក្ខាសាលាទាំង ៤នេះ ធ្វើឡើងដើម្បីធានាឱ្យការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ រក្សាបាននូវការអនុវត្តស្របតាមគោលការណ៍សុក្រឹតភាព សុចរិតភាព និងយុត្តិធម៌ ព្រមទាំងផ្ដល់លទ្ធផលស្របតាមគោលបំណងនៃការជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ដើម្បីវិបុលភាពសង្គមយើងតាមរយៈសេវាសាធារណៈល្អក្នុងវិស័យសំខាន់ទាំង ២នេះ ជូនដល់ប្រជាជន។

បេសកកម្មស្វែងរកអង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការប្រឡងប្រជែង ជាការការបន្តអនុវត្តស្មារតីអនុក្រឹត្យលេខ៥៤ ដែលបានដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៨។ ការដាក់ចេញអនុក្រឹត្យនេះ ដើម្បីផ្ដល់ការលើកទឹកចិត្ត និងសន្ទុះនៃការចូលរួមលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋានពីគ្រប់តួអង្គពាក់ព័ន្ធ។
គួររម្លឹកថា សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ត្រូវបានចែកជា៤តំបន់ផ្សេងៗគ្នា។ សិក្ខាសាលាតំបន់១ ធ្វើឡើងធ្វើឡើងក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៨ និងទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ សិក្ខាសាលាតំបន់២ ធ្វើឡើងក្នុងខេត្តកំពត នៅថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត។
សិក្ខាសាលាតំបន់៣ ធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ចំណែកឯសិក្ខាសាលាតំបន់៤ ធ្វើឡើងធ្វើឡើងក្នុងខេត្តសៀមរាប នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


