ព័ត៌មានជាតិ
តបនឹងរឿងថៃគម្រាមចង់ផ្ដាច់អគ្គីសនីមិនឱ្យកម្ពុជាប្រើ រដ្ឋមន្ត្រីរ៉ែ និងថាមពលថា កម្ពុជា មានអគ្គីសនីប្រើគ្រប់គ្រាន់ អាចឈរជើងបាន
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ពន្យល់ពលរដ្ឋនៅទូទាំងប្រទេសថា ក្នុងករណីថៃ ផ្ដាច់អគ្គីសនី មិនឱ្យកម្ពុជាប្រើ គឺកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់បម្រើឱ្យការប្រើប្រាស់។ ការពន្យល់នេះ កើតឡើងបន្ទាប់ពីថៃ គម្រាមកាត់ផ្ដាច់ចរន្តអគ្គិសនីប្រើប្រាស់ បើមិនកែប្រែជំហរយកបញ្ហាព្រំដែនតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ជជែកក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះនាថ្ងៃទី១៤ ខែមិថុនា ខាងមុខ។

លោក កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ពន្យល់ដូច្នេះ៖« ព្រះរាជាណាចក្រកម្ពុជាយើងនៅពេលនេះម៉ោងនេះ ថ្ងៃនេះ យើងពុំបានយកភ្លើងពីព្រះរាជាណាចក្រថៃចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបណ្ដាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការដែលមិនយកភ្លើងពីបណ្ដាញជាតិថៃមកចូលបណ្ដាញជាតិកម្ពុជាគឺដោយសារព្រះរាជាណាចក្រកម្ពុជាយើងមានអគ្គិសនីគ្រប់គ្រាន់។ »។

ជាមួយគ្នានេះ លោក កែវ រតនៈ ក៏ពន្យល់អំពីពាក្យថាបណ្ដាញជាតិ គឺមានន័យថាជាការតភ្ជាប់អគ្គិសនីកម្រិតតង់ស្យុងខ្ពស់ ចាប់ពីតង់ស្យុង១១៥គីឡូវ៉ុល ដល់ទៅ២៣០គីឡូវ៉ុល ដល់៥០០គីឡូវ៉ុល តាមរយៈបណ្ដាញតង់ស្យុងខ្ពស់របស់ជាតិ។
រដ្ឋមន្ត្រី កែវ រតនៈ ពន្យល់ក្នុងន័យដើមដូច្នេះ៖« បណ្ដាញជាតិគឺជាការភ្ជាប់ភ្លើងតង់ស្យុងខ្ពស់ ចាប់ផ្ដើមពីតង់ស្យុង១១៥គីឡូវ៉ុល ដល់ទៅ២៣០គីឡូវ៉ុល ដល់៥០០គីឡូវ៉ុល តាមរយៈបណ្ដាញតង់ស្យុងខ្ពស់ក្នុងបណ្ដាញជាតិ គឺជាឆ្អឹងកងខ្នងរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឆ្អឹងកងធំរបស់ថៃ គឺយើងអត់បានយកភ្លើងនេះមកបំពេញឱ្យគ្នានៅពេលនេះទេ ដោយសារយើងមានសមត្ថភាពដើម្បីធ្វើការផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់»។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឱ្យដឹងថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ គឺមានតែតំបន់ចំនួន៣តែប៉ុណ្ណោះ ដែលកម្ពុជា តបណ្ដាញអគ្គិសនីពីប្រទេសថៃក្នុងកម្រិតតង់ស្យុងមធ្យម ប៉ុន្តែបើថៃកាត់ផ្ដាច់អគ្គសនី គឺកម្ពុជា មានលទ្ធភាពតភ្ជាប់បណ្ដាញអគ្គិសនីជាតិទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយគ្មានការព្រួយបារម្ភ។
លោក កែវ រតនៈ បន្តពន្យល់ដូច្នេះ៖« មានសហគមន៍តែ៣ទេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប់នឹងព្រំដែន ដូចជាតំបន់ខ្លះ នៃអូស្មាច់ ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យម ហើយការយកហ្នឹងអត់តាមរយៈបណ្ដាញជាតិទេ គ្រាន់តែភូមិជិតគ្នាយកបន្តិចទៅ ដោយសារជិតគ្នា។ ប្រសិនបើមានការផ្ដាច់ពីថៃយើងក៏អាចមានលទ្ធភាព ដើម្បីបញ្ជូនភ្លើងពីបណ្ដាញជាតិហ្នឹងទៅផ្គត់ផ្គង់ដែរ។ ដូច្នេះប្រសិនបើមានការអាក់ខានបណ្ដាញជាតិរបស់យើង គឺអាចឈរជើងបាន»។

ប៉ុន្តែយ៉ាងណាលោក កែវ រតនៈ អំពាវនាវឱ្យកុំឱ្យបញ្ឆេះបញ្ហានេះទៅជាបញ្ហាធំឱ្យសោះ ព្រោះគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ការភ្ជាប់បណ្ដាញអគ្គិសនីពីប្រទេសមួយទៅប្រទេសមួយ គឺផ្ដល់ផលចំណេញទាំងអស់គ្នា ពោលគឺអាមេរិក ក៏តភ្ជាប់អគ្គសនីពីកាណាដាដូចគ្នា។
លោករដ្ឋមន្ត្រីរ៉ែ និងថាមពល ប្រាប់ពលរដ្ឋថា នៅក្នុងស្មារតីរួមរបស់អាស៊ាន ក៏បានលើកឡើងអំពីការតភ្ជាប់បណ្ដាញអគ្គិសនីរួមគ្នាទៅថ្ងៃអនាគតផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ