Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ពុំមានរថយន្តចាំដឹកពលករនៅព្រំដែនឡើយ

បានផុស

នៅ

មួយ​រយៈ​នេះ តាំងតែ​ប្រមុខ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​បម្រើការ​នៅ​ក្នុង​ប្រទេស​ថៃ ឆាប់​រួសរាន់​វិលត្រឡប់​មក​កាន់​ស្រុកកំណើត​វិញ ដោយ​ឱកាស​ការងារ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​សម្បូរ​នោះ គេ​សង្កេត​ឃើញ​មាន​ពលករ​ខ្មែរ​ជាច្រើន​កំពុង​សម្រុក​ចេញ​តាម​ច្រក​អន្តរជាតិ​នីមួយៗ ស្ថិត​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​បាត់ដំបង ពិសេស​ច្រក​អន្តរជាតិ​ដូង​តែម្ដង ដែល​ជាប់​ព្រំ​ប្រទល់​ជាមួយ​នឹង​ខេត្ត​ច​ន្ទ័​បូរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច ក៏បាន​បញ្ជាក់​ទៅកាន់​បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ត្រូវ​ត្រៀម​រថយន្ត​ចាំ​ទទួល​ពលករ​វិល​ចូល​មក​កាន់​កម្ពុជា ដើម្បី​ដឹក និង​ជូន​ពួកគាត់ ឲ្យ​ដល់​គោលដៅ​ក្នុង​ការ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​មុន​ពេល​ប្រទេស​ថៃ ដេញ​ពួកគាត់។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ច្រក​អន្តរជាតិ​ចំនួន​ពីរ គឺ ច្រក​អន្តរជាតិ​ដូង ដែល​ស្ថិត​ក្នុងស្រុក​កំរៀង និង​ច្រក​អន្តរជាតិ​ភ្នំ​ដី ស្ថិត​ក្នុងស្រុក​សំពៅ​លូន ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​បាត់ដំបង គឺ​ពុំ​មាន​ឃើញ​រថយន្ត​ក្រុង​របស់​រដ្ឋបាល​ខេត្ត​ទៅ​ចាំ​ទទួល​ដឹក​ពលករ វិលត្រឡប់​ចេញពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​សោះឡើយ ដោយ​មាន​តែ​តាក់ស៊ី​ប៉ុណ្ណោះ​ចាំ​ទទួល​ពលករ។

ជុំវិញ​បញ្ហា​នេះ កម្ពុជា​ថ្មី បាន​ធ្វើការ​សាកសួរ​តាមរយៈ​ទូរសព្ទ​ទៅ លោក សឿម ប៊ុនរិទ្ធ អភិបាលរង​ខេត្ត ដើម្បី​ចង់​ដឹង​អំពី​រថយន្តក្រុង​ដែល​កន្លងមក​រដ្ឋបាល​ខេត្ត​ទទួល​បាន​ជាច្រើន​គ្រឿង ស្តុក​ទុក​ក្នុង​បរិវេណ​សាលាខេត្ត ដើម្បី​អន្តរាគមន៍ និង​ដឹក​បញ្ជូន​ពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ឬ​ភ្ជុំបិណ្ឌ ទៅកាន់​ស្រុក​កំណើត​ដោយ​មិន​គិត​ថ្លៃ ដោយ​លោក​បាន​បញ្ជាក់​ថា រថយន្ត​ទាំងនោះ រដ្ឋបាល​ខេត្ត បាន​បែង​ចែក​ទៅតាម​មន្ទីរ និង​អង្គភាព​ជំនាញ​អស់​ទៅ​ហើយ សល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​រដ្ឋបាល​ខេត្ត។

ដោយឡែក លោក មាស ដារ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បាត់ដំបង បាន​លើក​ឡើង​ថា មន្ទីរ ពុំ​មាន​រថយន្ត​ក្រុង​សម្រាប់​បញ្ជូន​ទៅ​ដឹក​ពលករ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឡើយ។ មន្ទីរ មាន​តែ​ការ​ដំឡើង​រោង​ជាច្រើន​ខ្នង​ក្នុង​បរិវេណ​ចំណត​រថយន្ត​ច្រក​អន្តរជាតិ​ដូង ដើម្បី​ឲ្យ​ពលករ​ដែល​ធ្វើដំណើរ​ចេញពី​ព្រំដែន​មក​សម្រាក​នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ ដោយឡែក​ការ​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត ពួកគាត់​ជិះ​តាក់ស៊ី​ដោយ​ខ្លួនឯង។

កន្លងទៅ​ថ្មីៗ នេះ បើ​តាម​ការ​លើកឡើង​ពី​ប្រមុខ នៃ​រាជរដ្ឋាភិបាល គឺ​បាន​បញ្ជា​ឲ្យ​ខេត្ត​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ថៃ ត្រូវ​ត្រៀម​លក្ខណៈ​រថយន្ត​សម្រាប់​ដឹក​ពលករ​ដោយ​ឥតគិតថ្លៃ​ទៅកាន់​ស្រុក​កំណើត​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ស្រុក។ ផ្ទុយទៅវិញ មួយ​រយៈ​នេះ ខណៈ​ដែល​ពលករ​កំពុង​សម្រុក​ចេញពី​ប្រទេស​ថៃ គឺ ត្រូវ​រក​រថយន្ត​ជិះ​ដោយ​ខ្លួនឯង ដោយ​ពុំ​មាន​រថយន្តក្រុង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​ចាំ​ដឹក​នៅឡើយ។ ដោយឡែក ច្រក​អន្តរជាតិ​ដូង នៅ​ព្រឹក​ថ្ងៃ​ទី ១៦ មិថុនា នេះ នៅតែ​បន្ត​បិទ​ជា​បន្ត​ទៀត ដោយ​បើក​តែ​ច្រក​ថ្មើរ​ជើង​តែប៉ុណ្ណោះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម