Connect with us

ព័ត៌មានជាតិ

កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត​២​ពាន់​លាន​ដុល្លារ​ហើយ​ ដើម្បី​ទប់​ទល់នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ​ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ​ដែល​កំពុង​បន្ត​យាយី​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ​។

លោក វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​កម្ពុជា​បាន ថ្លែង ក្នុង កិច្ច ប្រជុំ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន លើក​ទី ២៥ កាលពី ថ្ងៃទី ៣០ មីនា ឆ្នាំ ២០២១​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ និង​គ្រប់គ្រង​ផល​ប៉ះពាល់​មកលើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍ ចំនួន ៨ ជុំ ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១.១៦៤ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ និង ៧១៩ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ លោក​បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ ដាក់ចេញ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២១-២០២៣ ដោយ​ផ្តោត​សំខាន់​លើ​អភិក្រម​ចំនួន ៣ គឺ (១). ការ​ងើប​ឡើងវិញ និង​ការរស់រាន (Revival and Survival)៖ ការកសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​កំណើនសេដ្ឋកិច្ច​, (២). ការកែទម្រង់ (Reform)៖ ប្រែក្លាយ​វិបត្តិ​ទៅជា​កាលានុវត្តភាព ដោយ​ផ្តោត​លើ​ការ​ធ្វើ​ពិពិធ​កម្ម និង​ពង្រឹង​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង (៣). ការ​លើក​កម្ពស់​ភាព​ធ​ន់ (Resilience)៖ ពង្រឹង​ការត្រៀមខ្លួន​របស់​កម្ពុ​ជា ទៅនឹង​វិបត្តិ​ដែល​នឹង​អាច​កើតឡើង​នាពេល​អនាគ​ត​។

ក្រៅ​ពី​នេះ លោក វ​ង្សី វិស្សុត ក៏បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN BAC), ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក (US-ABC), និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អឺរ៉ុប (EU-ABC) ដើម្បី​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ មួយចំនួន ដូចជា​៖ ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល​, ការតភ្ជាប់​ពាណិជ្ជកម្ម​ឌីជីថល​, ថា​ម ពល​បៃតង និង​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ក្នុង​នោះ លោក វ​ង្សី វិស្សុត បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​នានា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​វិស័យ​ឯកជន ក្នុង​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ ទាំង​ក្នុងប្រទេស និង​ឆ្លងកាត់​ព្រំដែន៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម