Connect with us

ព័ត៌មានជាតិ

កម្ពុជានៅតែជំរុញឱ្យភាគីថៃបង្ហាញសេចក្តីស្មោះត្រង់ ដោយរួមគ្នាដោះស្រាយបញ្ហាព្រំដែនតាមយន្តការ ICJ

បានផុស

នៅ

កម្ពុជាបញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់ខ្លួនទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ គឺដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ជាថ្មីម្តងទៀត កម្ពុជានៅតែជំរុញឱ្យភាគីថៃ បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ជាថ្មីម្ដងទៀតនេះ បានធ្វើឡើងដោយក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ អំពីការវិវត្តថ្មីៗ និងបញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។

សេចក្ដីថ្លែងការណ៍ បានលើកឡើងថា ផ្ដើមចេញ​ពីបាញ់វាយប្រហារដោយទាហាន​ថៃ​មកលើលេណដ្ឋានឈរជើងរបស់​ទាហាន​កម្ពុជា​ នៅចំណុចតំបន់មុំបី រហូតបណ្ដាលឱ្យទាហានកម្ពុជាម្នាក់ត្រូវពលីជីវិត កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភាកន្លងទៅ និងជាបន្តបន្ទាប់ភាគីថៃបានបិទបើកច្រកព្រំដែនជាឯកតោភាគី មិនជូនដំណឹងជាមុនឱ្យកម្ពុជាបានដឹង និងការ​គំរាម​កំហែង​ផ្សេង​ៗជាច្រើនទៀតមកលើកម្ពុជា ដូចជាការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិត សេវាអគ្គិសនី និងប្រេងឥន្ធនៈ រួមទាំងការប្រមាថមកលើកិត្តិយសកម្ពុជា បាននាំឱ្យសភាពការណ៍តាមព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹង។

ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ និងដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់ការរីករាលដាលទៅជាជម្លោះពេញទំហឹង ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ កម្ពុជាបានសម្រេចចិត្តបញ្ជូនបញ្ហាទាក់ទងនឹងតំបន់ចំនួនបួនមានជម្លោះរ៉ាំរៃ និងមិនទាន់បានដោះស្រាយ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការស្នើជំនួយពីយន្តការច្បាប់ មិនលម្អៀងនេះ គឺជាផ្លូវប្រកបដោយប្រសិទ្ធភាព និងសន្តិភាពបំផុតឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរង្វែង។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស អះអាងដូច្នេះ។

ជាថ្មីម្តងទៀត កម្ពុជាជំរុញឱ្យថៃបង្ហាញសេចក្តីស្មោះត្រង់ ដោយទទួល យកយុត្តាធិការរបស់ ICJ ក្នុងរឿងនេះ។ បើតាមក្រសួងការបរទេស នេះគឺជាការអនុវត្តនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រក្នុងការសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យុត្តិធម៌ និងដោយសន្តិវិធី ដែលជាការរួមចំណែកដល់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល។

កម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជា បញ្ជាក់ពីបំណងចង់ប្រែក្លាយព្រំដែនរួមទៅជាតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ តែជាមួយគ្នានេះ កម្ពុជា នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម