Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃខេត្តសៀមរាបចុះសួរសុខទុក្ខ និងយកអំណោយជូនកងទ័ពនៅប្រាសាទតាក្របី

បានផុស

នៅ

ព្រះសង្ឃក្រុង និងខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយសព្រះវិន័យធរគណខេត្តសៀមរាប នៅថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥ បាននិមន្តចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគរួមជាមួយនិង កុំព្យូទ័រ ម៉ាស៊ីនព្រីន (គិតជាថវិកាជាង៧០០ដុល្លារ) ផ្ទាំងសូឡា (គិតជាប្រាក់ជាង៤០០ដុល្លារ) និងបច្ច័យ ១លាន ១៥ម៉ឺនរៀលបានមកពីចៅអធិការវត្តមួយចំនួន នៅក្នុងក្រុងសៀមរាប សម្រាប់ផ្គត់ផ្គង់អង្គភាព ក្នុងនោះព្រះចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានជូនកងទ័ពក្នុងម្នាក់១ម៉ឺនរៀល សរុបទាំងអស់១លាន៨០ម៉ឺនរៀល ទៅចែកជូនកងទ័ព នៅប្រាសាទតាក្របីដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះបវរវិជ្ជា ទេព ភឿន បានមានសង្ឃដីកាកោតសរសើរ ដល់កងទ័ពទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែន ថា បានលះបង់កម្លាំងកាយចិត្ត ការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាព ជាពិសេសបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន។ ព្រះតេជគុណបន្តថា សកម្មភាពមកសួរសុខទុក្ខកងទ័ពជួរមុខនេះ ក្នុងបំណង ផ្សារភ្ជាប់មនោសញ្ចេតនារំលែកការលំបាករវាងព្រះសង្ឃ និងកងទ័ព ក្នុងន័យជួយលើកទឹកចិត្ត និងបានដឹងពីសុខទុក្ខ កងទ័ពមានភារកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនជួរមុខដើម្បីបូរណភាពទឹកដី ហើយព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទនៅជួរក្រោយ មិនដែលភ្លេចសោះឡើយពីសុខទុក្ខ ការលំបាក និងការលះបង់កម្លាំងកាយចិត្តរបស់វីរៈកងទ័ពខ្មែរដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារមាតុប្រទេសកម្ពុជាឡើយ ។ ដូចនេះសូមឲ្យកងទ័ពជួរមុខទាំងស៊ូទ្រាំអត់ធ្មត់ ស្តាប់បទបញ្ជាថ្នាក់លើ ក្នុងភារកិច្ចការពារទឹកដីរបស់កម្ពុជា។

សូមជម្រាបថា កាលថ្ងៃអាទិត្យ ដោយចលនាជាតិនិយម ភ្ញៀវទេសចរណ៍ខ្មែររាប់ពាន់នាក់បានទៅទស្សនាប្រាសាទតាក្របី និងប្រាសាទតាមាន់ និងសួរសុខទុក្ខកងទ័ព ដែលស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ ក្នុងនោះប្រាសាទតាមាន់ធំ  គិតចាប់ពីម៉ោង ១២និង០០ ថ្ងៃត្រង់ដល់ម៉ោង ៣និង០០ រសៀល មានប្រជាពលរដ្ឋខ្មែរទៅទស្សនាប្រមាណ ៤,៣៩៥នាក់ អញ្ជើញមកពីខេត្ត កំពង់ធំ, សៀមរាប, បាត់ដំបង, ប៉ៃលិន, ត្បូងឃ្មុំ, ពោធិ៍សាត់ និងបន្ទាយមានជ័យ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម