Connect with us

ព័ត៌មានជាតិ

បញ្ហា​ប្រឈម ១២ ចំណុច ផ្នែក​​ឯកជន​លើក​ឡើង​ពាក់ព័ន្ធ​វិស័យកម្មន្តសាល សហគ្រាស​ធុនតូច​និងមធ្យម និងសេវាកម្ម

បានផុស

នៅ

នេះជាឆ្នាំទី ៣ ក្នុងអាណត្តិទី ៧ របស់រាជរដ្ឋាភិបាល ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយផ្នែកឯកជន ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម និង​សំណើរបស់​ផ្នែកឯកជន​ក្នុងវិស័យកម្មន្តសាល សហគ្រាស​ធុនតូច​និងមធ្យម និងសេវាកម្ម។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​រៀបចំកិច្ចប្រជុំ​ពិគ្រោះយោបល់ ដើម្បី​ដោះស្រាយ​បញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាស​ធុន​តូច​និង​មធ្យម និង​សេវាកម្ម ដែលមានការ​សម្របសម្រួល​​ដឹកនាំ​ដោយ​លោក​ ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងមានការចូលរួមពីតំណាង​វិស័យ​ឯកជន សមាគម​និងសហព័ន្ធធុរកិច្ច ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្ត សរុបប្រមាណ ២៣០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ជុំទី ៣ ​នេះ ក្រសួង​បាន​ប្រមូល​បញ្ហា​ប្រឈមពី​ផ្នែក​ឯកជននៅទូទាំងប្រទេស ​ដោយបាន​បង្រួម​ជាបញ្ហាប្រឈមជាក់លាក់​ចំនួន ១២ រួមបញ្ចូលទាំងបញ្ហាថ្លៃឡូជីស្ទីក និង​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ការប្រកួតប្រជែង​មិន​ស្មើភាព លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ ការ​ឈានចូលទីផ្សារ កម្លាំង​ពលកម្ម​ជំនាញ បញ្ហា​បច្ចេកវិទ្យា និង​បច្ចេកទេសផលិតកម្ម ព្រមទាំងបញ្ហា​ប្រឈមក្នុងការ​ធ្វើ​អនុលោម​ភាព ដូចជាការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីផលិតផល ការបំពេញបែបបទនិងនីតិវិធីគយ និង​ពន្ធដារ និង​ការអនុលោមតាមស្តង់ដាជាដើម។

ផ្នែកឯកជន ក៏បាន​លើកឡើងពីតម្រូវការសេវាកម្មគាំទ្រ ដូចជាសេវាមាត្រាសាស្ត្រ សេវា​មន្ទីរ​ពិសោធន៍ និង​សេវា​វិញ្ញាបនបត្រកម្ម រួមទាំង​វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។

ក្នុងកិច្ចប្រជុំនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបានផ្តល់ការបកស្រាយ និងដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​នីមួយៗ ដែលបានលើកឡើងដោយផ្នែកឯកជន។

លោក ហែម វណ្ណឌី ក៏បានបញ្ជាក់​ការ​ប្តេជ្ញា​ចិត្តរបស់​រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់ រួម​ទាំង​ការពង្រីក​សេវាសាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល និងការបង្កើតយន្តការសម្របសម្រួល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​របស់ផ្នែកឯកជន។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាលបានស្តាប់បញ្ហាប្រឈមរបស់ផ្នែកឯកជន ហើយ​បាន​និង​កំពុងចាត់វិធានការជាក់ស្តែង រាប់បញ្ចូលទាំងការកែសម្រួលច្បាប់ និងបទប្បញ្ញត្តិ ការផ្តល់​ការ​លើក​លែង​និងអត្ថប្រយោជន៍ផ្សេងៗ រហូតដល់ការកែលម្អសេវាសាធារណៈ។

ប៉ុន្តែ​ក៏ត្រូវការឱ្យវិស័យឯកជនមានបុរេសកម្ម និងភាពសកម្ម ដើម្បីចាប់យកឱកាស និង​បង្កើត​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ដែលមានភាពធន់។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ​របាយការណ៍​ស្តីពីបញ្ហា​ប្រឈម និងដំណោះស្រាយសម្រាប់ផ្នែកឯកជនក្នុងវិស័យកម្មន្តសាល សហគ្រាស​ធុនតូច​និង​មធ្យម និងសេវាកម្ម ដើម្បីដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តសម្របសម្រួល និងស្វែង​រក​អន្តរាគមន៍​ចាំបាច់របស់រាជរដ្ឋាភិបាល។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្រ្តី​ បានលើកឡើងពី​ការផ្លាស់ប្តូរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែល​បណ្តាល​មក​ពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយផ្តោត​លើឱកាស​សម្រាប់​អ្នកផលិត​ក្នុង​ស្រុក។ លោក​រដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកខិតខំពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបង្កើត​ការងារ​បន្ថែមទៀត​សម្រាប់ពលករកម្ពុជា ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​នេះ​ក៏​ជា​ឱកាស​សម្រាប់​ផលិតករ​ក្នុង​ស្រុក។ កំណើននៃតម្រូវការផលិតផលពីក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក បង្ហាញសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម