Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ព្រមាន​ចាត់​វិធាន​ការ ​លើ​បុគ្គលណា​ទារ​ប្រាក់​ពី​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការងារ

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះ​បុគ្គល​ណា​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹងរបស់​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥នេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការទាមទារ​ឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបី​ជា​ការ​ផ្តល់​នោះ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត របស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។ នេះបើយោងតាមមាត្រា ១២៦, មាត្រា ២៦០ និងមាត្រា ៣៦៩ នៃច្បាប់ស្តីពីការងារ, និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុក ជាអំពើឆបោក និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ ស្តីពី ការងារ ព្រម​ទាំង​ត្រូវ​ទទួល​ទោស​ផ្សេង​ទៀត​តាម​ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

សេចក្ដីជូនដំណឹង បាន​គូស​បញ្ជាក់​ថា «អធិការការងារ នឹង​ចាត់វិធានការ​តាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា»។

បន្ថែមលើនេះ​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់កម្មករ-និយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹងអំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្តឹងមកក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬ​ប្រអប់​បណ្តឹង​អនាមិក​របស់​ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះជនល្មើស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម