Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖ សម្តីរបស់មេទ័ពភូមិភាគ២ថៃ បង្ហាញថា បទឈប់បាញ់មិនជាអ្វីដែលចោរឈ្លានពានចង់បាននោះទេ!

បានផុស

នៅ

មេទ័ពភូមិភាគ២ថៃ លោក Boonsin Padklang បាននិយាយជាចំហរពីមហិច្ឆតាចង់វាយដណ្តើមកាន់កាប់ឱ្យបាននូវប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មុនខ្លួនចូលនិវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្តីរបស់មេទ័ពថៃរូបនេះ ត្រូវបានឆ្លើយតបខ្លាំងៗពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិដែលអះអាងថា វាបង្ហាញពីការរំលោភបំពានបទឈប់បាញ់ និងឈ្លានពានកម្ពុជា។ ចំណែក អ្នកវិភាគនៅកម្ពុជាវិញ បានបកអាក្រាតថា សម្តីរបស់លោក Boonsin Padklang គឺបង្ហាញឱ្យឃើញថា បទឈប់បាញ់មិនជាអ្វីដែលចោរឈ្លានពានចង់បាននោះទេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេទ័ពភូមិភាគ២ថៃ លោក Boonsin Padklang

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុកថា មហិច្ឆតាសង្គ្រាមរបស់ចោរឈ្លានពានមិនបញ្ចប់ទេ ព្រោះគេមិនទាន់សម្រេចគោលដៅ។ លោកបណ្ឌិត បានជំរុញ និងលើកទឹកចិត្តឱ្យវីរកងទ័ពកម្ពុជាប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះមេទ័ពភូមិភាគ២ថៃ និងពួកយោធាថៃចង់បង្កហេតុ ដើម្បីបំផ្លាញបទឈប់បាញ់។ សម្រាប់លោកបណ្ឌិត គិន ភា បទឈប់បាញ់ មិនមែនជាអ្វីដែលចោរចង់បាននោះទេ។ លោកបណ្ឌិត គិន ភា បានអះអាងបែបនេះនៅយប់ថ្ងៃទី១០ ខែសីហា ពោល គឺភ្លាមៗបន្ទាប់ពីមេទ័ពភូមិភាគ២ថៃ លោក Boonsin Padklang បានប្រកាសបិទប្រាសាទតាមាន់ធំ និងចង់វាយដណ្តើមកាន់កាប់ប្រាសាទតាក្របីដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

នៅយប់ដដែលនេះដែរ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតក៏បានបញ្ចេញប្រតិកម្មទៅនឹងសម្តីដ៏ព្រហើន និងគឃ្លើនរបស់លោក Boonsin Padklang នេះ។ លោក អ៊ូ វីរៈ បានអះអាងថា នៅប្រទេសថៃ មេទ័ពសួនតួនិយមម្នាក់ គេអាចសម្រេចធ្វើសង្រ្គាមបាន បើទោះបីមានបទឈប់បាញ់ក៏ដោយ និងដែលជាការព្រងើយកន្តើយទៅនឹងច្បាប់អន្តរជាតិ។ បើតាមលោកប្រធានវេទិកាអនាគត ប្រជាពលរដ្ឋទាំងសងខាងនឹងនៅតែរងគ្រោះព្រោះតែមេទ័ពរូបនេះ ចង់រកបានពិន្ទុខ្លះៗមុនខ្លួនចូលនិវត្ត។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត

ចំពោះលោកបណ្ឌិត យង់ ពៅ ដែលជាអ្នកជំនាញភូមិសាស្រ្តនយោបាយវិញ លោកបាននិយាយចំៗថា សម្ដីរបស់មេទ័ពភូមិភាគ២ថៃ Boonsin Padklang បានបញ្ជាក់យ៉ាងច្បាស់ថា ថៃពិតជារៀបចំផែនការឈ្លានពាន​កម្ពុជា​យ៉ាងប្រាកដ កម្ពុជា ត្រូវដឹងខ្លួន​ និងប្រុងជើងការ។ រីឯ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គមតាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ ខែសីហានេះ យល់ឃើញបែបនេះវិញថា ប្រាសាទតាក្របី គឺជាសមរភូមិដែលថៃបរាជ័យ ដោយកម្ពុជាបានកាន់កាប់ទាំងស្រុងក្រោយសង្គ្រាម៥ថ្ងៃ ដូច្នេះ ដើម្បីកែកុនការបរាជ័យនេះ បំពេញចិត្តអ្នកជាតិនិយមជ្រុលថៃ មេទ័ពថៃ​ Boonsin Padklang ត្រូវតែនិយាយបែបនេៈ។ យ៉ាងណាក៏ដោយ លោកបណ្ឌិត បានរំលឹកដល់កងទ័ពត្រូវតែប្រុងប្រៀបជានិច្ច។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ

ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុកការប្រកាសរបស់លោក Boonsin Padklang ថា ជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ ទង្វើរបស់មេបញ្ជាការភូមិភាគ២ថៃនេះ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចបានថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។

លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែ តាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា៖«ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អហើយ យើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែ ពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម