Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជាចេញទៅចិនដើម្បីចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០នេះ គឺតបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន។

រូបភាពឯកសារ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង កាលពីឆ្នាំ២០២០ នៅប្រទេសឡាវ

កិច្ចប្រជុំមេគង្គ-ឡានឆាង ត្រូវបានគេមើលឃើញថា បានរៀបចំឡើងចំពេលដែលកម្ពុជា និងថៃ ជាសមាជិកនៃកិច្ចសហប្រតិបត្តិការ​នេះ បាននិងកំពុងមានបញ្ហាព្រំដែនដ៏ក្ដៅគគុកជាមួយគ្នា។ ខណៈ ចិនជាប្រទេសសម្របសម្រួលមួយនៅក្នុងជម្លោះព្រំដែននៃប្រទេសទាំងពីរ រហូតបង្កើតឱ្យមានបទឈប់បាញ់ នាពេលថ្មីៗនេះ។ តែយ៉ាងនេះក្ដី គេពុំទាន់ដឹងថា ក្នុងកិច្ចប្រជុំអនុតំបន់នេះ អាចនឹងជជែកគ្នាបន្ថែមពាក់ព័ន្ធបញ្ហាកម្ពុជា-ថៃ ដែរឬយ៉ាងណានោះទេ។

ប៉ុន្តែ តាមការគ្រោងទុក ក្រៅពីការចូលរួមកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងទៀតផងដែរ ដើម្បីជជែកគ្នាពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ​(MLC) ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៦ ដែលមាន​ការចូលរួម​ពី​ ៦​ប្រទេស ​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម​ និង​​មហាអំណាច​ចិន​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម