Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋាភិបាល៖ ការអនុវត្តបទឈប់បាញ់ជាការអត់ធ្មត់និងគន្លឹះសំខាន់បំផុត ព្រោះស្ថិតក្រោមក្រសែភ្នែកអន្តរជាតិ

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា សង្កត់ធ្ងន់ថា ការអនុវត្តបទឈប់បាញ់ ទាមទារឱ្យមានការអត់ធ្មត់ និងជាគន្លឹះដ៏សំខាន់បំផុត។ លោកព្រមានថា បើសិនជាយើងធ្វេសប្រហែសឈានដល់ការប្រើប្រាស់អាវុធ ឬសកម្មភាពណាមួយ យើងនឹងក្លាយខ្លួនទៅជាអ្នកបង្កហេតុមួយរំពេច ធ្លាក់ចូលកលល្បិចរបស់សត្រូវ ព្រោះបទឈប់បាញ់ស្ថិត​ក្រោមក្រសែភ្នែកអន្តរជាតិ។

ក្រុមអនុព័ន្ធយោធា៧ប្រទេសចុះពិនិត្យទីតាំងថៃរាយបន្លាលួសចូលច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីបទឈប់បាញ់​ ថៃបន្តសកម្មភាពដែលការរំលោភបំពានកិច្ចព្រមព្រៀងម្តងហើយម្តងទៀត និងបង្កហេតុមានច្រើនយ៉ាង ដូចជាមាននៅតាមព្រំដែន ដាក់កង់ឡាន បន្លាលួស បាញ់ជំពាមកៅស៊ូ ក្រៅពីនេះទៀត គេប្រើសង្គ្រាមចិត្តសាស្រ្ត ព័ត៌មានមិនពិត ប្រឌិត បំភ្លើសបំភ្លៃ ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ។​ ថៃកំពុងប្រើយុទ្ធសាស្រ្តដើម្បីបំបាក់ស្មារតីខ្មែរ បញ្ឆេះកំហឹង តាមរយៈសកម្មភាពខាងលើ ធ្វើជាប្រចាំ រាល់ថ្ងៃ រាល់សប្តាហ៍ បង្កើតភាពច្របូលច្របល់ ដើម្បីធ្វើឱ្យកម្ពុជាចាកចេញពីការអត់ធ្មត់។ បើទោះជាថៃព្យាយាមខំប្រើយុទ្ធសាស្រ្តបញ្ឆេះឱ្យមានផ្ទុះអាវុធក្តី ប៉ុន្តែកម្ពុជាប្តេជ្ញានៅតែរក្សាភាពអត់ធ្មត់ និងគោរពបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់។

នាសន្និសីទសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី ១៥ ខែសីហានេះ លោក ប៉ែន បូណា មានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ យើងកំពុងតែអនុវត្តបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០២៥ ហើយរហូតមកទល់ម៉ោងនេះកម្ពុជាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់បានយ៉ាងល្អបំផុត ដោយគ្មានល្មើសចំណុចណាមួយទេ។ លោកបានបន្តថា ថ្នាក់ដឹកនាំរបស់យើងគោរពបទឈប់បាញ់ កងទ័ពយើងមានវិន័យ ដោយឥតមានអ្នកណាបំពានឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្តីពីសំណាក់យោធាថៃ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា។ ខ្លាំងម្យ៉ាងត្រង់ថា យើងគោរពបទឈប់បាញ់បានយ៉ាងល្អ និងម្យ៉ាងទៀត កងទ័ព កងកម្លាំងរបស់យើងមានវិន័យ ស្តាប់បញ្ជាមេដឹកនាំ។


លោកបញ្ជាក់ថា៖« ការអនុវត្តបទឈប់បាញ់នេះ ការអត់ធ្មត់គឺជាគន្លឹះសំខាន់បំផុត ហេតុអ្វីពីព្រោះកិច្ចព្រមព្រៀងបទឈប់បាញ់មិនមែនកើតឡើងតែពីរនាក់កម្ពុជា និងថៃ នោះទេ តែកើតឡើងដោយការចូលរួមពីអន្តរជាតិ ពោលគឺលទ្ធផលកើតចេញពីកិច្ចប្រជុំពិសេស ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ​ រៀបចំដោយសហរដ្ឋអាមេរិក និងមានការចូលរួមសហការពីប្រទេសចិន។ ដូច្នេះការអនុវត្តបទឈប់បាញ់នេះ ធ្វើឡើងក្រោមក្រសែភ្នែកតាមដានរបស់អន្តរជាតិ»។
ក្នុងន័យនេះ លោកស្នើឱ្យប្រជាពលរដ្ឋអត់ធ្មត់ យោគយល់ខ្ពស់ក្នុងកាលៈទេសៈនេះ ព្រោះបើសិនជាយើងអស់ការអត់ធ្មត់នឹងក្លាយខ្លួនមួយរំពេចទៅជាអ្នកបង្កហេតុ ដែលនេះជាអ្វីដែលយើងត្រូវប្រុងប្រយ័ត្ន ហើយជាអ្វីដែលថៃចង់បាន។

ពាក់ព័ន្ធសន្តិសុខនៅតាមព្រំដែនវិញ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា គិតចាប់ពីម៉ោង ១២ រំលងអាធ្រាត្រថ្ងៃទី​១៥  ខែសីហា ដល់ម៉ោង ៦ ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងទី ៥​ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់។ បន្ថែមពីនេះ ក្រុមអ្នកសង្កេត​ការណ៍អន្តរកាល ៧ប្រទេស​ ដែលដឹកនាំដោយអនុព័ន្ធយោធា ម៉ាឡេស៊ី នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដើម្បីពិនិត្យច្រកអានសេះ ដែលថៃពង្រាយបន្លាលួស និងដាក់កង់ឡាន រំលោភដែនអធិបតេយ្យភាពកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម