Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសបទឈប់បាញ់ ៣ថ្ងៃ រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយថា ភាគីទាំងពីរ នឹងដោះដូរឈ្លើយសឹក ម្ខាង ១ ០០០នាក់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើល តាមរយៈសេចក្តីប្រកាស អំពីបទឈប់បាញ់រយៈពេល៣ថ្ងៃ ហើយបញ្ជាក់ថា ភាគីទាំងពីរ ក៏នឹងមានការដោះដូរឈ្លើយសឹកគ្នា ទ្រង់ទ្រាយធំផងដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃ សុក្រ ទី ៨ ខែ ឧសភា ឆ្នាំ ២០២៦ និងត្រូវបានយកមកផ្សាយបន្ត ដោយសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ប្រមុខសេតវិមាន វ័យ ៧៩ឆ្នាំរូបនេះ សរសេរថា៖ «នឹងមានបទឈប់បាញ់រយៈពេល ៣ ថ្ងៃ (គឺថ្ងៃទី ៩, ១០ និង ១១ ខែឧសភា) នៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការប្រារព្ធពិធីនៅក្នុងប្រទេសរុស្ស៊ី គឺសម្រាប់ទិវាជ័យជម្នះ ប៉ុន្តែក៏ដូចគ្នាដែរ សម្រាប់ប្រទេសអ៊ុយក្រែន ព្រោះពួកគេក៏ជាផ្នែកមួយដ៏ធំ និងជាកត្តាសំខាន់នៃសង្គ្រាមលោកលើកទី ២ ផងដែរ។ បទឈប់បាញ់នេះ នឹងរួមបញ្ចូលទាំង ការផ្អាករាល់សកម្មភាពយោធា ហើយក៏មានការដោះដូរអ្នកទោស ចំនួន ១ ០០០ នាក់ពីប្រទេសនីមួយៗផងដែរ»។

មុននេះ រុស្ស៊ី បានប្រកាសរួចទៅហើយ ពីបទឈប់បាញ់ តែត្រឹមរយៈពេល ២ ថ្ងៃប៉ុណ្ណោះ ជាមួយអ៊ុយក្រែន ដើម្បីអបអរទិវាជ័យជម្នះ ប៉ុន្តែព្រមានថា បើទីក្រុងកៀវ ហ៊ានបំពាន នោះទីក្រុងមូស្គូ នឹងសងសឹកវិញជាមួយកម្លាំងខ្លាំងក្លា ជាពិសេសកំណត់គោលដៅ លើរដ្ឋធានីនៃប្រទេសអ៊ុយក្រែន តែម្តង។

បទឈប់បាញ់នេះ នឹងអនុវត្ត ដើម្បីអនុញ្ញាតឲ្យ ទីក្រុងមូស្គូ ប្រារព្ធទិវាជ័យជម្នះ ដូចជាការដើរក្បួនព្យុហយាត្រា និងការដង្ហែនានា។

ក្បួនព្យុហយាត្រា ទិវាជ័យជម្នះរុស្ស៊ី (រូប៖ Reuters)

ក្រោយមក រុស្ស៊ី ថែមទាំងប្រកាស ឲ្យបេសកកម្មការទូត និងអង្គការអន្តរជាតិ ចាកចេញពីទីក្រុងកៀវ ជាបន្ទាន់ ហើយក៏ត្រូវជម្លៀសពលរដ្ឋ របស់ពួកគេចេញដែរ ដោយបញ្ជាក់ច្បាស់ៗថា ខ្លួននឹងបើកការវាយប្រហារសងសឹក ទ្រង់ទ្រាយធំ បើអ៊ុយក្រែន ពិតជារៀបគម្រោង វាយប្រហារ នៅទិវាជ័យជម្នះមែន។ 

ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងកាបរទេសរុស្ស៊ី ដែលផ្សាយដោយ RT នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova គូសបញ្ជាក់ថា ទីក្រុងមូស្គូ បានផ្ញើកំណត់ទូតជាផ្លូវការ ទៅកាន់បេសកកម្មការទូត និងអង្គការអន្តរជាតិទាំងអស់រួចហើយ ដោយជំរុញឲ្យពួកគេ ដកបុគ្គលិក និងពលរដ្ឋចេញពីទីក្រុងកៀវជាបន្ទាន់។

លោកស្រីនិយាយថា៖ «ក្រសួងការបរទេស សូមអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាលនៃប្រទេសរបស់អ្នក/ថ្នាក់ដឹកនាំនៃអង្គការរបស់អ្នក ឲ្យយកចិត្តទុកដាក់បំផុត ចំពោះសេចក្តីថ្លែងការណ៍នេះ និងធានាឲ្យបាននូវការជម្លៀសបុគ្គលិក នៃបេសកកម្មការទូត និងបេសកកម្មផ្សេងៗទៀត ព្រមទាំងជនស៊ីវិល ចេញពីទីក្រុងកៀវ ឲ្យបានទាន់ពេលវេលា ព្រោះនឹងមានការវាយប្រហារសងសឹក ដែលមិនអាចចៀសផុត ដោយកងកម្លាំងប្រដាប់អាវុធ នៃសហព័ន្ធរុស្ស៊ី លើទីក្រុងកៀវ រួមទាំងការវាយប្រហារ លើមជ្ឈមណ្ឌលសម្រេចចិត្តនានាផងដែរ ប្រសិនបើអ៊ុយក្រែននៅតែបន្តអនុវត្ត ផែនការភេរវកម្មដ៏ឧក្រិដ្ឋ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម