ព័ត៌មានជាតិ
តុលាការកំពូលតម្កល់សាលក្រមផ្ដន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងសងសំណង២លាន៥៥ម៉ឺនដុល្លារ ជូនជនរងគ្រោះ
តុលាការកំពូល នៃកម្ពុជា សម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅឱ្យជនរងគ្រោះចំនួន៤រូបផ្សេងគ្នា។ ការសម្រេចរបស់តុលាការកំពូលបែបនេះ គឺដូចទាំងស្រុងទៅនឹងការសម្រេចកាត់ក្ដីរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចដូចៗគ្នាកាលពីពេលកន្លងទៅ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុក ជនរងគ្រោះ ហុង រិទ្ធារ័ក្ស នាព្រឹកថ្ងៃទី១៩ ខែសីហា នេះ។

សូមរម្លឹកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឧក្រិដ្ឋជន ស្រី ស៊ីណា បានយកកាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងគូរដណ្ដឹងឈ្មោះឃីន កញ្ចនា ស្លាប់បាត់បង់ជីវិត និងបានបាញ់ទៅលើមនុស្សប្រុស ២នាក់ទៀតជាច្រើនគ្រាប់ បណ្តាលឱ្យម្នាក់រងរបួសដៃ និងម្នាក់ទៀតរងរបួសជើង។ ស្រី ស៊ីណា ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសំណុំរឿង៣ដាច់ដោយឡែកពីគ្នាគឺ៖ សំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទ រំលោភលើលំនៅឋាន។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមព្រហ្មទណ្ឌលើសំណុំរឿងទាំង៣ ដោយផ្តន្ទាទោសឧក្រដិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារសរុប៣១ឆ្នាំ និងសងជម្ងឺចិត្ត១លានដុល្លារអាមេរិកឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និង១លាន ៥ម៉ឺនដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់ និងសងជម្ងឺចិត្ត៣០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ សុខុម ចរណៈ និង២០ម៉ឺនដុល្លារអាមេរិក ទៅជនរងគ្រោះ ហុង រិទ្ធារ័ក្ស។

ក្រោយការសម្រេចបែបនេះ របស់សាលាដំបូង ឧក្រិដ្ឋនជន ស្រី ស៊ីណា បានប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។ យ៉ាងណានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ បន្ទាប់មកឧក្រិដ្ឋនជន ស្រី ស៊ីណា នៅតែបន្តប្ដឹងជំទាស់ទៅកាន់តុលាការកំពូល ទើបនៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ តុលាការកំពូលសម្រេចតម្កល់សាលក្រមផ្តន្ទាទោស ឧក្រិដ្ឋជន ស្រី ស៊ីណា ដាក់ពន្ធនាគារចំនួន៣១ឆ្នាំ និងសងសំណងចំនួន២លាន ៥៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមទាំងពីរថ្នាក់។

សំណុំរឿងឧក្រិដ្ឋកម្មបង្កឡើងដោយឧក្រិដ្ឋជន ស្រី ស៊ីណា ជាសំណុំរឿងដ៏កក្រើក បង្កការចាប់អារម្មណ៍ ក្ដីឈឺចាប់ និងខ្លាចរអាដល់បណ្ដាពលរដ្ឋខ្មែរ មិនថារស់នៅក្នុងឬក្រៅប្រទេស តាមដានស្រែកទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។ សមណុំរឿងនេះ ថ្នាក់ដឹកនាំបានតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ បញ្ចប់គោរមងារ ឧកញ៉ា ពីឧក្រិដ្ឋជន ស្រី ស៊ីណា និងបានបញ្ជូនក្រុមមេធាវីស្ម័គ្រចិត្តតេជោសែន ដល់គ្រួសារជនរងគ្រោះផងដែរ។
ក្រោយការប្រកាសរបស់តុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែសីហា នេះ ជនរងគ្រោះ ហុង រិទ្ធារ័ក្ស ប្រកាសតាមគណនីហ្វេសប៊ុក ថា ទីបំផុតលោក និងជនរងគ្រោះ សុខុម ចរណៈ និងជនរងគ្រោះ ដែលបាត់បង់ជីវិតទៅរួមមាន លោក ឡុង លីសុង និងកញ្ញា ឃីន កញ្ជនា ទទួលបានយុត្តិធម៌ហើយ ពោលគឺយុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់។

លោក ហុង រិទ្ធារ័ក្ស អរគុណទៅដល់សម្ដេចតេជោ ហ៊ុន សែន នឹង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់នៅក្នុងរឿងក្តីរបស់មួយនេះ តាំងពីដំបូងរហូតទទួលបានយុត្តិធម៌នៅពេលនេះ និងអរគុណឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ និង លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានជួយឈឺឆ្អាលយកអាសារជាមួយនឹងរឿងក្តីមួយនេះ។
សូមរម្លឹកថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់លើកឡើងថា នឹងបញ្ជូលឈ្មោះឧក្រិដ្ឋជនស្រី ស៊ីណា ទៅក្នុងបញ្ជីអ្នកទោសដែលមិនអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានជាដាច់ខាត៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


