Connect with us

ព័ត៌មានជាតិ

ផ្លូវ ៥១ នៅ​បឹងកេងកង ជង្ហុកទឹកដក់​កណ្តាលផ្លូវ​ មន្រ្តីជំនាញ​ចុះជួសជុល​អ៊ុតកៅស៊ូ ដើម្បីបញ្ចៀសគ្រោះថ្នាក់

បានផុស

នៅ

ក្រោយមានការសំណូមពរពីពលរដ្ឋលើកឡើងពីបញ្ហាកំណាត់ផ្លូវលេខ៥១ ខូចខាត ពេលនេះមន្រ្តីជំនាញ​បាន​ចុះ​ជួសជុលអ៊ុតកៅស៊ូឡើងវិញ។

ជាក់ស្តែងនៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៥ នៅកំណាត់ផ្លូវលេខ ៥១ ក្នុងសង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង មន្រ្តីជំនាញ នៃមន្ទីរសាធារការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះជួសជុលជង្ហុកធំ ដែលនៅកណ្តាលផ្លូវ រួចអ៊ុតកៅស៊ូឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន​ឲ្យ​ដឹងថា ជង្ហុកធំនៅកណ្តាលផ្លូវស្ថិតលើផ្លូវលេខ ៥១ បើមើលតាមស្នាមដូចជាមានការកាត់ ឬជួសជុល ប៉ុន្តែមិនដឹងមន្រ្តីជំនាញខាងណាកាត់ហើយក៏ទុកចោលបែបនេះ ដែល​ធ្វើ​ឲ្យ​មានជង្ហុកធំទឹកដក់ កណ្តាលផ្លូវ។ ពលរដ្ឋបន្តថា ដោយឃើញដូច្នេះ​ក៏បានរាយការណ៍ជូនមន្រ្តីមូលដ្ឋាន​ឲ្យ​ចុះ​ជួយត្រួតពិនិត្យតាមរយៈប្រព័ន្ធតេលេក្រាម ដើម្បីជៀសវាងមានបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ។

ពាក់ព័ន្ធបញ្ហានេះ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលនិងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន​ឲ្យ​ដឹងថា លោកស្រីបានចាត់​ឲ្យ​មន្រ្តីជំនាញពាក់ព័ន្ធ ចុះមកជួសជុលផ្លូវដែលខូចខាតខាងលើនេះហើយ ដើម្បីអ៊ុតកៅស៊ូឡើងវិញ ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំ​ឲ្យ​ជួបការលំបាកបន្តទៀត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម