Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ថា ក្មេងទំនើង ជាបញ្ហាគួរឱ្យបារម្ភ ជាហេតុត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ

បានផុស

នៅ

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ក្មេងទំនើង គឺជារឿងមួយដែលមិនចេះចប់ឡើយ កើតជាបន្តបន្ទាប់ ដែលកើតពីក្មេងវ័យជំទង់ប្រព្រឹត្តមិនល្អ ទៅជាក្មេងទំនើង។ ក្មេងទំនើង ទោះបីបង្ក្រាបបាន ក៏ទាមទារឱ្យមានការអប់រំ ចាត់វិធានការទប់ស្កាត់បន្តបន្ទាប់ និងតឹងរ៉ឹង ពីអាជ្ញាធរ អាណាព្យាបាល ម្តាយឪពុក និងភាគីពាក់ព័ន្ធជាប់ជានិច្ចដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត មានប្រសាសន៍ថា៖ “អ៊ីចឹងក្មេងទំនើង មនុស្សចេះតែកើត មនុស្សចេះតែធំធាត់ វ័យចេះតែវិវត្តមកវាមានក្មេងមកទៀត។ ក្មេង កាលណាអប់រំណែនាំអត់បានត្រឹមត្រូវវាធ្លាក់ចូលទៅក្មេងទំនើងហ្នឹងហើយ។ អ៊ីចឹងហើយ បញ្ហាក្មេងទំនើងនេះ គឺជាបញ្ហាមួយដែលមិនចេះចប់ ជាបញ្ហាមិនចេះចប់ដែលយើងត្រូវតែដោះស្រាយជាបន្តបន្ទាប់ ជារៀងរហូត”

យ៉ាងណា បញ្ហាក្មេងទំនើង មួយរយៈមុនហាក់មានការកក្រើកខ្លាំង ដែលជះឥទ្ធិពលមិនល្អដល់សង្គម និងបង្កភាពភ័យខ្លាចដល់ពលរដ្ឋ ប៉ុន្តែ ក៏ត្រូវបានអាជ្ញាធរចាត់វិធានការច្បាប់តឹងរ៉ឹង បង្ក្រាបបានមួយចំនួន។ រីឯ បច្ចុប្បន្ន តាមការសង្កេត ហាក់ឃើញថា ក្មេងទំនើងកើតឡើងម្តងទៀត បង្កអសន្តិសុខក្នុងសង្គម​ ជាពិសេស ការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ឬបង្ហោះម៉ូតូបន្ទាប់ពីចេញពីវត្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ យ៉ាងអនាធិបតេយ្យ។ ជុំវិញករណីទាំងនេះ ក៏ឃើញថា មានការអប់រំ បង្ក្រាប ពីអាជ្ញាធរផងដែរ។

ករណី ក្មេងទំនើងនេះ ប្រសិនជាមិនបានដោះស្រាយទេ លោកបណ្ឌិត ឈត ប៊ុនថង ថា គឺជារឿងមួយដែលគួរឱ្យព្រួយបារម្ភ នឹងនាំឱ្យប៉ះដល់ធនធានមនុស្សកម្ពុជា ជាពិសេស យុវជនខ្លួនឯងផ្ទាល់តែម្តង។ លើសពីនេះ នាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិឯកជន ឬសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រំខានដល់ការធ្វើដំណើរលើដងផ្លូវសាធារណៈ ព្រមទាំងជារូបភាពមិនល្អដល់សង្គមកម្ពុជា ប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ហេតុនេះ លោកបណ្ឌិត បញ្ជាក់ថា ទាំងអស់នេះ គឺជារឿងដែលត្រូវព្រួយបារម្ភទាំងអស់គ្នា និងបន្តចូលរួមអប់រំ ទប់ស្កាត់ទាំងអស់គ្នា ទាំងឪពុកម្តាយ គ្រូបង្រៀន អាជ្ញធរ និងភាគីពាក់ព័ន្ធផ្សេងទៀត។

អ្នកជំនាញរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា សង្គមកម្ពុជាមិនអាចព្រងើយកន្តើយចំពោះបញ្ហានេះបានឡើយ ព្រោះបច្ចុប្បន្នមានការទាក់ទាញច្រើនសម្រាប់ក្មេងជំទង់ ដូចជាមានសេរីភាពច្រើន បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង បារីអេឡិចត្រូនិក បណ្តាញសង្គម ដែលនាំឱ្យពួកគេភ្លើតភ្លើន ដែលអូសទាញទៅដើរផ្លូវខុស ជាហេតុត្រូវតែមានការអប់រំបានត្រឹមត្រូវ ទប់ស្កាត់ទាន់ពេលវេលា៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម