ព័ត៌មានជាតិ
តើចិនស្រវាចាប់ថៃ តាមរយៈធ្វើសមយុទ្ធយោធាទ័ពអាកាស ចំពេលជម្លោះព្រំដែនកម្ពុជា-ថៃ?
វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅពេលដែលក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ បានប្រកាសថា ចិន និងថៃ នឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នានៅក្នុងខែកញ្ញានេះ ដែលមានឈ្មោះថា “Falcon Strike 2025″។ តាមរយៈសមយុទ្ធនេះ ចិននឹងដាក់ពង្រាយយន្តហោះជាច្រើនប្រភេទ និងប្រព័ន្ធការពារដែនអាកាសដីគោក ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសយោធា និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សមយុទ្ធនេះ ត្រូវបានគេកត់សម្គាល់ថា ធ្វើឡើងចំពេលដែលភាពតានតឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែក្តៅគគុក ។ ផ្អែកលើបរិបទនេះ តើសមយុទ្ធទ័ពអាកាសអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធដែរឬទេ? តើចិនពិតជាស្រវាចាប់ថៃ តាមរយៈធ្វើសមយុទ្ធយោធាទ័ពអាកាសរួមគ្នាឬយ៉ាងណា?

ជុំវិញរឿងនេះ លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយបណ្ដាប្រទេសនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីធានាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនលើវិស័យនយោបាយ ការទូត សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ចំពោះមិត្តភាពដែកថែបរវាងកម្ពុជានិងចិន មិនមែនចងដៃចិនឬចងដៃកម្ពុជា មិនឱ្យពង្រឹងនិងពង្រីកទំនាក់ទំនងជាមួប្រទេសផ្សេងទៀតនោះទេ។ ម្យ៉ាងទៀត កម្ពុជានិងចិនមិនមែនជាសម្ព័ន្ធមិត្តយោធាដែលចាំបាច់តម្រូវឱ្យប្រទេសនីមួយៗជួយច្បាំងគ្នាទៅវិញទៅមកដូចសម្ព័ន្ធមិត្តណាតូ ឬសម្ព័ន្ធមិត្តរវាងជប៉ុននិងកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាម៉េរិក ឬរវាងសហរដ្ឋអាម៉េរិកនិងលោកខាងលិចនោះទេ។

សម្រាប់លោកយល់ថា ការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នារវាង ចិន និងថៃ នឹងមិនប៉ះពាល់ទៅដល់ទំនាក់ទំនង និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន នោះទេ។ លោកថា៖« ព្រោះនេះជាទំនាក់ទំនង ដែលប្រទេសនីមួយៗ គេត្រូវតែធ្វើជាមួយប្រទេសផ្សេងៗ គេមិនអាចឱ្យប្រទេសមួយធ្វើទំនាក់ទំនងជាមួយប្រទេសមួយទៀតដោយបោះបង់ទំនាក់ទំនងជាមួយគេ នឹងប្រទេសដ៏ទៃនោះទេ។ ដូចគ្នាដែរ ចិនមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា មិត្តដែកថែប មិត្តត្បូងពេជ្រ ប៉ុន្តែក៏មិនតម្រូវឱ្យចិន ត្រូវតែបោះបង់មិត្តភាពរបស់ខ្លួនជាមួយប្រទេសថៃនោះទេ ដូច្នេះយើងត្រូវយល់បញ្ហានេះ។
លោកបន្ថែមថា៖« ដូចគ្នាដែរ យើងដែលមានទំនាក់ទំនងមិត្តភាពដែកថែមជាមួយចិន ក៏មិនអាចធ្វើឱ្យបោះបង់ចោលទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិក ឬជាមួយមហាអំណាចផ្សេងទៀតទេ គឺយើងបន្តធ្វើពិពិធកម្មការទូតបន្តទៀត»។
ក៏ប៉ុន្តែគ្រាន់តែថា ជានយោបាយ ជាចិត្តសាស្រ្តសង្គម នៅពេលដែលកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសថៃកាន់តែក្តៅៗ នៅស្រក់ឈាមនៅឡើយ ហើយឈាមដែលហូរនៅមិនបាត់ហូរនោះទេ រីឯរបួសសង្គ្រាមមិនទាន់សះជានៅឡើយ ចឹងនៅពេលដែលយើងឃើញមិត្តម្នាក់ទៀតដែលចាត់ទុកជាមិត្តដែកថែប ជាមិត្តត្បូងពេជ្រទៅធ្វើសមយុទ្ធជាមួយសត្រូវ ដូច្នេះហើយជាអារម្មណ៍របស់ប្រជាពលរដ្ឋអាចនឹងគិតថាចិនបោះបង់ចោលកម្មទៅស្រវាចាប់ថៃ។
ទោះជាយ៉ាងណា លោកថា៖« ក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់ក្នុងទំនាក់ទំនងអន្តរជាតិ គឺគេមិនដែលបោះបង់មួយទៅយកមួយទៀតទេ គឺគេព្យាយាមធ្វើយ៉ាងណាឱ្យទំនាក់ទំនងជាទ្វេភាគី ពហុភាគីឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន»។
លោកពន្យល់ថា កម្ពុជាក៏មិនអាចជួយច្បាំងចិន ហើយចិនក៏មិនអាចជួយច្បាំងកម្ពុជាដែរ តែអាចគាំទ្រគ្នាជានយោបាយ ការទូត ឬយោធា ក្នុងករណីការគាំទ្រនោះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់គេ។ ត្រូវចាំថា ទំនាក់ទំនងអន្តរជាតិគឺគិតពីផលប្រយោជន៍ គ្មានមិត្ត គ្មានសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។
លោកបន្តថា៖«ដូច្នេះ កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ ព្រោះចិនមានផលប្រយោជន៍ជាមួយថៃច្រើនជាងជាមួយកម្ពុជាយើងឆ្ងាយណាស់ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការទូត យុទ្ធសាស្ត្រ សន្តិសុខ ជាពិសេស ថៃជាម៉ូយធំមួយរបស់ចិនសម្រាប់លក់អាវុធ។ បើប្រៀបធៀបជាមួយថៃ កម្ពុជាយើងទិញអាវុធពីចិនតិចជាងថៃឆ្ងាយណាស់»។
ចំណែកលោកបណ្ឌិត ជ័យ តិច អ្នកវិភាគភូមិសាស្រ្តនយោបាយ កត់សម្គាល់ថា ការធ្វើសមយុទ្ធរវាងចិន និងថៃ គឺជាសមយុទ្ធទ័ពអាកាសដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០២២ មកដល់បច្ចុប្បន្ននេះ ដែលជាផែនការដែលគេបានរៀបចំយូរមកហើយ នៅក្នុងឆ្នាំនេះក៏មានការចូលរួមយុទ្ធសាស្រ្ត តាក់តិចប្រយុទ្ធ កាន់តែទំនើបបន្ថែមទៀត ដែលមានការចូលរួមពីយន្តហោះប្រយុទ្ធដ៏មានឥទ្ធិពលរបស់ចិន និងមានអាវុធយុទ្ធភណ្ឌទំនើបៗជាច្រើនទៀត។
បើទោះបីជាសមយុទ្ធទ័ពអាកាសនេះបានរៀបចំជារៀងរាល់ឆ្នាំពិតមែន ក៏ប៉ុន្តែចង់មិនចង់សម្រាប់ទំនាក់ទំនងរវាងចិន ក៏ដូចជាបញ្ហាឥទ្ធិពលទៅលើជម្លោះរវាងកម្ពុជា និងថៃ នឹងមានផលប៉ះពាល់ទោះតិចឬច្រើន។ ពីព្រោះថាវាជាកាលៈទេសៈមួយដែលមិនសមស្របទាល់តែសោះ នៅពេលដែលសម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់កម្ពុជា ទៅចាប់ដៃជាមួយភាគីម្ចាងទៀត រួមគ្នាពង្រឹងសព្វាវុធ យុទ្ធសាស្រ្ត និងពង្រឹងទ័ពអាកាស ដែលបានប្រើប្រាស់សម្រាប់ការវាយប្រហារមកកម្ពុជាកន្លងមកថ្មីៗនេះ ខណៈដែលដៃគូយុទ្ធសាស្រ្ត ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក៏ដូចជាចិន និងថៃ មានកម្រិតខុសគ្នា ។

លោកសង្កត់ធ្ងន់ថា៖«សម្រាប់ចិន និងថៃគឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ។ ប៉ុន្តែក្នុងទំនាក់ទំនងជាមួយកម្ពុជា និងចិន គឺមានកម្រិតខ្ពស់បំផុតក្នុងកម្រិតពិភពលោក យើងហៅថាដៃគូរយុទ្ធសាស្រ្ត ដៃគូដែកថែប វាសនារួម»។ លើសពីនេះ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយខ្ពស់បំផុត តែក្នុងកាលៈទេសៈមានជម្លោះព្រំដែនកម្ពុជា និងថៃ បែរជាចិន ជម្នះការបន្តផែនការធ្វើសមយុទ្ធទ័ពអាកាសនេះ ដើម្បីពង្រឹងសមត្ថភាពយោធាថៃ អាវុធថៃ។ លោកបណ្ឌិត ជ័យ តិច ចោទជាសំណួរថា តើការពង្រឹងយុទ្ធសាស្រ្តតាក់ទិច អាវុធថៃ តើថៃយកទៅណា ពីព្រោះថាថៃកំពុងមានជម្លោះជាមួយកម្ពុជា ដែលរងរឿងកម្ពុជារាល់ថ្ងៃ ហើយនេះវាមិនសមស្របទាល់តែសោះ ដែលដៃគូដែកថែបកម្ពុជា បែរជាទៅគាំទ្រផ្តល់បច្ចេកទេសដល់គូរជម្លោះ។

បើតាមអ្នកជំនាញដដែល ក្នុងទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលក៏ដោយ រវាងប្រទេសនិងប្រទេសជាតិក៏ដោយគឺគេឈរលើផលប្រយោជន៍ ដូច្នេះខាងចិន ឈរលើផលប្រយោជន៍របស់គេធំនៅថៃជាងកម្ពុជា។ ការធ្វើពាណិជ្ជកម្មដ៏ធំរបស់ចិននៅថៃ ក៏ដូចជាការលក់អាវុធ ក្នុងនោះ អាវុធ ៤០% ដែលថៃទិញពីចិន ហើយថវិកាវិស័យការពារជាតិរបស់ថៃមានកម្រិតច្រើនជាងកម្ពុជាប្រមាណ ៥ ដង ហើយកម្ពុជាមានត្រឹមតែ ១,៣ ពាន់ដុល្លារក្នុងឆ្នាំ ២០២៤ ហើយថៃមានរហូតដល់
៥. ៧៣ ពាន់ដុល្លារ ឯណោះ។
ផ្អែកលើបរិបទនេះ លោកថាកម្ពុជាត្រូវគិតគូរឱ្យបានច្បាស់លាស់នូវនយោបាយការបរទេសរបស់ខ្លួនកន្លងមកហើយត្រូវអនុវត្តគោលនយោបាយឱ្យបានហ្មត់ចត់ធ្វើពិពិធកម្មគោលនយោបាយការបរទេស មិនចូលបក្សសម្ព័ន្ធ ឈរលើអព្យាក្រឹត្យ ដើម្បីកុំឱ្យមានការផ្អៀងខ្លាំង ឬពឹងអាស្រ័យខ្លាំងទៅលើភាគីតែម្ខាង។

ទោះជាយ៉ាងណា នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី១៦ ខែកញ្ញា ភាគីចិន ដាក់ក្ដីរំពឹងថា កម្ពុជា-ថៃ នឹងចាប់យកឱកាសពន្លឿនការដោះស្រាយបញ្ហាជម្លោះព្រំដែន និងអះអាងថា ចិនបានត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ជំនួយស្របតាមការស្នើសុំរបស់ភាគីទាំងពីរ។ ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖«ភាគីចិនបានឃាត់ និងជំរុញឱ្យមានពិភាក្សាយ៉ាងសកម្ម ចាប់តាំងពីជម្លោះបានកើតឡើង។ កម្ពុជានិងថៃ គឺជាអ្នកជិតខាងល្អ ហើយមិនមានឧបសគ្គ ឬបញ្ហាណាដែលមិនអាចដោះស្រាយបានរវាងប្រទេសទាំងពីរទេ»។

សូមជម្រាបផងដែរ កម្ពុជា និងចិន ក៏មានធ្វើសមយុទ្ធទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ តួយ៉ាង សមយុទ្ធនាគមាស ឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ។ វាគឺជាសមយុទ្ធនាគមាសលើកទី៧នេះ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជា ការផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមក ការពង្រឹងទស្សនសន្តិសុខ ដែលមានលក្ខណៈរួមគ្នា និងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរនៅក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


