Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្ត

បានផុស

នៅ

នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពលំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ ស្ថិតនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។ ពិធីនេះមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកស្នងការរងនគបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង ពលទាហាន យោធាចារ្យ និងសិក្ខាកាមជាច្រេីនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនេះ លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតំបន់ប្រតិបត្តិការសឹករងស្វាយរៀង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលកន្លងមក បានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងកិច្ចការសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបប្រទះនូវគ្រោះមហន្តរាយ ធម្មជាតិ គ្រោះថ្នាក់សង្គមផ្សេងៗ និងក្នុងការងារថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបានល្អប្រសើរ ជាពិសេសក្នុងការចូលរួមនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបង្ការទប់ស្កាត់យ៉ាងជោគជ័យ នូវរាល់សកម្មភាព ប៉ុនប៉ងទាំងឡាយដែលមានចេតនាបំផ្លាញនូវសុខសន្តិភាពក្រោមរូបភាពខុសច្បាប់ផ្សេងៗ។ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ទទួលរងនូវការឈ្លានពានយ៉ាង អយុត្តិធម៌ពីប្រទេសថៃ នាពេលកន្លងមកនេះ និងសូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ ក៏ដូចជាវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាព លំហាត់របៀប បច្ចេកទេសថ្មើរជើង យុទ្ធវិធីថ្មើរជើង និងអប់រំចិត្តសាស្ត្រ នៅថ្ងៃនេះជាដើម ។

លោកអភិបាលខេត្តបានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់ នូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដូចជា ទី១.ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ត្រូវតែការពារឲ្យបានដាច់ខាត នូវសន្តិភាព និងលើកកម្ពស់មនសិការស្នេហាជាតិ បន្តជឿជាក់លើការដឹកនាំរបស់ប្រមុខ រាជរដ្ឋាភិបាលក្នុងកិច្ចការដោះស្រាយបញ្ហាជាតិ និងចំពោះមុខបរទេសឈ្លានពាន គោរពឲ្យ បានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី ។

ទី២.ត្រូវរក្សាការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំនិងល្អប្រសើរ ជាពិសេសជួរនាយ ទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ។៣.ក្រៅពីវគ្គហ្វឹកហ្វឺននេះ ពលទាហានយើងទាំងអស់ ក៏ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ តាមឲ្យទាន់និន្នាការ នៃការ រីកចម្រើនរបស់វិស័យយោធានៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ព្រមទាំងត្រូវលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបាន ល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ ។

ទី៤.ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្តែង ក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបាន មាំមួន ព្រមទាំងត្រូវខិតខំកសាងជំរុំជម្រកស្នាក់នៅឲ្យបានសមរម្យ និងធានាសុវត្ថិភាពបានល្អ។ ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះដឹង និងពុទ្ធិថ្មីៗ ជាប្រយោជន៍សម្រាប់ការបំពេញតួនាទីប្រចាំថ្ងៃ បម្រើជាតិ មាតុភូមិ និងប្រជាជន៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម