Connect with us

ព័ត៌មានជាតិ

រង្វង់មូលព្រះនរាយណ៍ ក្លាយជាចំណតម៉ូតូកង់បី និងតាក់ស៊ី បង្កជាភាពអនាធិបតេយ្យ

បានផុស

នៅ

បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា ចំណុច​ខាងលិច​រង្វង់​មូល​ព្រះ​នរាយណ៍ ស្ថិត​ក្នុង​សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង ស្ទើរតែ​ក្លាយ​ជា​ចំណត​រថយន្ត​តាក់ស៊ី និង​ម៉ូតូ​កង់​បី ទៅ​ហើយ ដើម្បី​ចាប់​ម៉ូយ ដែល​បញ្ហា​នេះ​បាន​បង្ក​ជា​ភាព​អនាធិបតេយ្យ ខ្វះ​សណ្ដាប់ធ្នាប់​លើ​ទី​សាធារណៈ ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​ធ្វើដំណើរ​ពិបាក​មើលផ្លូវ​នៅ​ពេល​ឆ្លងកាត់​តាម​រង្វង់​មូល​នេះ​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​បាន​និយាយ​ថា «បើ​ទោះបី​ជា​កន្លងមក សមត្ថកិច្ច​ធ្លាប់​បាន​ចុះ​ណែនាំ និង​អប់រំ យ៉ាងណាក៏ដោយ ក៏​ហាក់​បី​ដូច​ជា​វែក​ចក​កណ្ដាល​បឹង​យ៉ាង​ដូច្នេះ​ដែរ ព្រោះ​ការ​ណែនាំ​គេ​ស្ដាប់​បាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ មនុស្ស​ស្អែក​ឡើង​ទង្វើ​នេះ​នឹង​កើត​ឡើងវិញ​ដដែល ព្រោះ​មិន​ត្រឹមតែ​ចត​ច្រងេងច្រងាង​នោះ​ទេ ថែមទាំង​មាន​ក្រុម​ចាប់​កាង​រត់​ពេញ​ផ្លូវ​ដើម្បី​ចាប់​ម៉ូយ​ឲ្យ​តាក់ស៊ី​ទៀត​ផង»។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​នាំគ្នា​សម្រុក​ចត​យ៉ាង​អនាធិបតេយ្យ​បែបនេះ មិន​ត្រឹមតែ​បាត់បង់​នូវ​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ទេ គឺ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​ផង នៅ​ពេល​ដែល​អ្នក​បើកបរ​បម្រុង​ឆ្លងកាត់​ហើយ​មើលមិនឃើញ​ខាងឆ្វេង​ខាងស្ដាំ ដោយសារតែ​ការ​ចត​ពាសវាលពាសកាល​បែបនេះ។

ប្រជាពលរដ្ឋ​ជាច្រើន បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ក្រុង និង​រដ្ឋបាល​ក្រុង​បាត់ដំបង មេត្តា​ដាក់​វិធានការ​យ៉ាងណា​ឲ្យ​បាន​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការ​ចត​ពាសវាលពាសកាល​ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​សោភ័ណភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ​ផង៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម