Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញគ្រប់ភាគីនៅខេត្តសៀមរាប រួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែល្អ

បានផុស

នៅ

នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញដល់គ្រប់ភាគីទាំងអស់ ជាពិសេស កងកម្លាំងមានសមត្ថកិច្ច នៃខេត្តសៀមរាប ត្រូវរួមគ្នាបន្តអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានភាពល្អប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំរុញបែបនេះ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាស លោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅសាលាខេត្តសៀមរាប។ លោក សួស អង្គារ៍ បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ គឺជាការដាក់ចេញរបស់ រាជរដ្ឋាភិបាល ដែលប្រគល់ភារកិច្ចជាសេនាធិការជូន ក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ លោក បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើការអនុវត្តតាមជំនាញ និងច្បាប់ឲ្យបានកាន់តែល្អប្រសើរ។ ត្រូវ ជំរុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយនេះឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ។ ត្រូវ ពង្រឹងការគ្រប់គ្រង និងត្រៀមលក្ខណៈ ឆ្លើយតបបញ្ហា គ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាត ផ្សេងៗឲ្យមានប្រសិទ្ធភាព។ លោក រដ្ឋលេខាធិការ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ត្រូវ សហការ ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន ជាពិសេសត្រូវ ពង្រឹងក្រមសីលធម៌ និងវិន័យ របស់កងកម្លាំង។

ពាក់ព័ន្ធនឹងលទ្ធផលការងារ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តតាមផែនការការពារ និង រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សង្គមបានល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រប់វិស័យ និងរក្សាបាននូវស្ថិរភាពជូនថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

‎យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បទល្មើសនានានៅក្នុងខេត្តមានការកើនឡើង ប៉ុន្តែត្រូវបាន បង្ក្រាប ស្ទើរតែ ១០០ ភាគរយ។ ដើម្បីលើកទឹកចិត្តដល់ការអនុវត្តនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះ ជំរុញផ្សព្វផ្សាយ រៀបចំ ការប្រឡងប្រណាំង និង ផ្តល់ប្រាក់រង្វាន់ ដល់ឃុំ/សង្កាត់ និងបុគ្គលឆ្នើម ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាបន្តបន្ទាប់៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម