Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ​និង សម្ព័ន្ធវ៉ាក់សាំង Gavi នឹង​ផ្តល់​វ៉ាក់​សាំង​ការ​ការពារ​ជំងឺ​មហារីកមាត់​ស្បូន​ដល់​ស្រ្តី​កម្ពុជា

បានផុស

នៅ

ក្រសួងសុខាភិបាលនិងសម្ព័ន្ធវ៉ាក់សាំង Gavi នឹង​បន្តសហការក្នុងការផ្តល់​វ៉ាក់សាំងការការពារ​ជំងឺមហារីកមាត់ស្បូនដល់ស្រ្តីកម្ពុជាដើម្បីលើកកម្ពស់សុខភាពស្ត្រីកាន់តែប្រសើរបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសហការរវាងក្រសួងសុខាភិបាលនិងសម្ព័ន្ធវ៉ាក់សាំង Gaviនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាលខណៈ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកវេជ្ជបណ្ឌិត Sam Muller នាយកសម្ព័ន្ធវ៉ាក់សាំង Gavi ប្រចាំតំបន់អឺរ៉ុប តំបន់អាស៊ី និងតំបន់អាហ្វ្រិកខាងត្បូង និងជាប្រធានគណៈប្រតិភូ មកពីការិយាល័យកណ្តាលសម្ព័ន្ធវ៉ាក់សាំង Gavi នៅទីក្រុងហ្សឺណែវ និងក្រុមការងារ។

គោល​បំណង​នៃ​កិច្ច​ប្រជុំនេះ ដើម្បីរាយការណ៍ពីលទ្ធផល នៃការវាយតម្លៃរួមការងារផ្តល់ថ្នាំបង្ការ (Joint Appraisal) និងជម្រាបពីការសម្រេចរបស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធវ៉ាក់សាំង Gavi សម្រាប់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ឆ្នាំ២០២៦-២០៣០។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ សម្ព័ន្ធវ៉ាក់សាំង Gavi ដែលបានសហការគាំទ្រ ក្រសួង​សុខាភិបាលយ៉ាងជិតស្និទ្ធ តាមរយៈកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ផ្តល់ជំនួយឥតសំណងដល់កម្ពុជា ទាំងថវិកា និងបច្ចេកទេសក្នុងការផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលកម្ពុជា។

លោកវេជ្ជបណ្ឌិត Sam Muller បាន​សំដែង​ការ​កោតសរសើរ​ពី​សមិទ្ធផល​នានា​ដែល​កម្ពុជា​សម្រេច​បាន ព្រមទាំង​ពាំនាំ​ការ​ពន្យល់ពី​ភាព​ចាំ​បាច់​ដែល Gavi និងប្រទេសជាដៃគូទទួលជំនួយទាំងអស់ ត្រូវ​សម្រប​ខ្លួន តាម​យុទ្ធសាស្ត្រ Gavi 6.0 ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

លោករដ្ឋមន្ត្រី បាន​សំដែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​សម្ព័ន្ធ​វ៉ាក់សាំង Gavi តាម​រយៈ​ការ​បង្ហាញ​នូវ​លទ្ធផល នៃការ​វាយតម្លៃ​រួម​ការងារ​ផ្តល់ថ្នាំបង្ការ ជា​ពិសេស​ចំណុច​ដែល​ត្រូវ​ខិតខំ​បន្ថែម​ទៀត លទ្ធផលនេះជាព័ត៌មានយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និង​រៀបចំ​កែសម្រួល​យុទ្ធសាស្ត្រ​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​ឱ្យ​ស្រប​តាម​យុទ្ធសាស្ត្រ Gavi 6.0 (2026-30) នាពេលខាងមុខនេះ។ ក្រសួងសុខាភិបាល នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់សម្របសម្រួលជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធ ដើមី្បកុមារ និង​ស្ត្រី​កម្ពុជា​ទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម