ព័ត៌មានជាតិ
នៅចំពោះមុខទូតចិន ឯកឧត្ដម ហ៊ុន ម៉ានី ជឿថាសហគមន៍អន្តរជាតិ ពិសេសចិន នឹងចូលរួមឱ្យថៃឈប់ធ្វើសង្គ្រាម
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអរគុណចិនចំពោះការគាំទ្រ និងការចូលខ្លួនសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ កន្លងមក ប៉ុន្តែជាអកុសលថ្មីៗនេះ ស្ថានការណ៍បានធ្លាក់ក្នុងស្ថានភាពអាក្រក់សារជាថ្មី។ ថ្លែងនៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថា សហគមន៍អន្តរជាតិ ជាពិសេសចិន នឹងចូលរួមឱ្យភាគីថៃងាកមកគោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចសហប្រតិបត្តិការរួមស្តីពីការព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយតាមច្បាប់អន្តរជាតិ។

ថ្លែងក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន «ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន» ឆ្នាំ២០២៥ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន រៀបចំកាលពីថ្ងៃទី១៥ ខែធ្នូ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានប្រកាសពីការបេជ្ញាចិត្តឥតងាករេ និងជំហរយ៉ាងមុតមាំប្រកបដោយភាពម្ចាស់ការ ឆន្ទៈ ការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ពុះពាររកដំណោះស្រាយដោយពឹងផ្អែកលើមាគ៌ាសន្តិភាព។
ជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំនៅតាមព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅចុងខែកក្កដា ឆ្នាំ២០២៥ ព្រោះតែការបើកវាយប្រហារពីសំណាក់យោធាថៃមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជា។ ឆ្លងកាត់ការប្រយុទ្ធ៥យប់៥ថ្ងៃ កម្ពុជា ថៃ បានទទួលយក និងអនុវត្តបទឈប់បាញ់នៅថ្ងៃយប់ថ្ងៃទី២៨ ខែកក្កដា ក្រោមការសម្របសម្រួលពីសំណាក់ម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក និងចិន។ ផ្ដើមចេញពីកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីកម្ពុជា ថៃ ក៏សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយនៅចុងខែតុលា តែត្រូវថៃហែកចោលនៅដើមខែវិច្ឆិកា។

យោធាថៃបានយកករណីយោធាខ្លួនដើរចូលជាន់មីនក្នុងចម្ការមីនរបស់កម្ពុជា ដែលសេសសល់ពីសង្គ្រាមស៊ីវិល បើកការវាយប្រហារប្រដាប់ដោយអាវុធធុនធ្ងន់ យន្តហោះចម្បាំង និងយុទ្ធោបករណ៍ផ្សេងទៀតមកលើកម្ពុជា ទោះបីកម្ពុជាអត់ធ្មត់មិនតបត គោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជាច្រើនថ្ងៃក៏ដោយ។ យ៉ាងណាក្រោយកម្ពុជា ក៏បានប្រើប្រាស់សិទ្ធិការពារខ្លួន ឆ្លើយតបទៅភាគីថៃវិញ។

ចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់បច្ចុប្បន្ន ស្ថានការន៍កាន់តែអាក្រក់ទៅៗ យោធាថៃបានបើកការវាយប្រហារ ឈ្លានពានកាន់តែជ្រៅចូលមកកម្ពុជា បាញ់ប្រហារមិនរើសគោលដៅ ទម្លាក់គ្រាប់បែកលើទីតាំងជនស៊ីវិលរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទោះបីកម្ពុជា ឆ្លើយតបទៅភាគីថៃត្រឹមតែទីតាំងយោធាថៃក៏ដោយ។

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ចិនអំពាវនាវឲ្យថៃ និងកម្ពុជា មានការអត់ធ្មត់ខ្ពស់បំផុត និងប្រើគ្រប់វិធានការដែលអាចធ្វើទៅបាន ដើម្បីនាំទៅរកបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងឲ្យបានឆាប់ ចំពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃដែលកំពុងបន្ត។ ចិនក៏បានប្រកាសថា «នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យស្ថានការណ៍ចុះត្រជាក់តាមមធ្យោបាយផ្ទាល់ខ្លួន» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីមធ្យោបាយណានោះទេ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


