នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវឡើងធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នាពេលខាងមុខ។ នេះបើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានប្រាប់កម្ពុជាថ្មី នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។
លោក ញឿន រ៉ាដែន បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩កន្លងទៅនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ សម្រេចតែងតាំងជាប្រធានស្ដីទី គណបក្សហ្វ៊ុនស៊ិនប៉ិច រួចទៅហើយ។ ម្យ៉ាងទៀត កាលពីពេលថ្មីៗនេះ សម្ដេចក្រុមព្រះ ក៏បានចេញលិខិតផ្ទេរសិទ្ធិ ថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដើម្បីដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ផងដែរ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា «ពាក់ព័ន្ធ នឹងគណបក្សយើង បានដឹងហើយថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាបុត្រាច្បងរបស់សម្ដេចក្រុមព្រះ ហើយធ្លាប់បានទទួលបានការតែងតាំងពីសម្ដេចក្រុមព្រះ ជាប្រធានស្ដីទី កាលពីអំឡុងឆ្នាំ ២០១៩កន្លងមក ហើយថ្មីៗនេះ យើងក៏មានលិខិតផ្ទេរសិទ្ធិ ពីសម្ដេចក្រុមព្រះ ដែលត្រៀមដើម្បីថ្វាយព្រះអង្គ ដឹកនាំគណបក្ស ក្នុងពេលខាងមុខនេះដែរ»។
សូមជម្រាបថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់បន្ថែមថា បន្ទាប់ពីការរៀបចំពិធីបុណ្យព្រះសព របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ រួចរាល់ហើយនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំសមាជ ដើម្បីសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានគណបក្សជាផ្លូវការ។
តាមអ្នកនាំពាក្យរូបនេះ ការយាងសោយព្រះទិវង្គត របស់សម្ដេចក្រុមព្រះ នឹងមិនធ្វើឲ្យប៉ះពាល់ដំណើរការ របស់គណ បក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតនាពេលមុខទេ ក៏ព្រោះតែថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគ្រប់ជាន់ថ្នាក់ បានគោរព និងដង្ហែតាមព្រះតម្រិរបស់សម្ដេចក្រុមព្រះ ជាពិសេសបន្តគាំទ្រការដឹកនាំគណបក្ស ពីសំណាក់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


