នយោបាយ
ទូតអូស្រ្តាលី ជំរុញឲ្យបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយគ្នាដោយសន្តិវិធី ខណៈទូតអាមេរិកថា នឹងបន្តឃ្លាំមើល
ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃពុធ បានចេញមកលើកឡើងជុំវិញការប្រមូលផ្តុំតវ៉ារបស់ក្រុមសហជីព និងបុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ស្ថានទូតអូស្រ្តាលី បានលើកឡើងថា ប្រជាជន មានសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិ ហើយស្ថានទូតលើកទឹកចិត្តឱ្យភាគីទាំងអស់ ត្រឡប់ទៅរកការចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័ស។

ចំណែក ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាវិញ បានអះអាងថា ខ្លួនកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នូវការចាប់ខ្លួនសមាជិកសហជីពនៃបុគ្គលិក កម្មករនៃក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍។ ស្ថានទូតអាមេរិក បានចាត់ទុកសកម្មភាពរបស់ពួកគេទាំងនោះថា ជាការបញ្ចេញមតិដោយសន្តិវិធី ហើយបានស្នើឱ្យអាជ្ញាធរកម្ពុជាស្តាប់ពីពលរដ្ឋ មិនមែនបំបិទសំឡេងរបស់គេទេ។ សម្រាប់ស្ថានទូតអាមេរិក សេរីភាពក្នុងការបញ្ចេញមតិក្នុងការប្រមូលផ្តុំគ្នា និងក្នុងការចងក្រងគ្នាជាក្រុម សមាគម ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ក៏ប៉ុន្តែ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ការលើកឡើងរបស់ស្ថានទូតបរទេសនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេ។ រីឯ ការចាប់ខ្លួន បុគ្គលពាក់ព័ន្ធនឹងករណីញុះញង់ ឲ្យមានការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍ (Naga World) គឺដោយសារតែមានបទល្មើសកើតឡើង។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា «ការតាមដាន ការឃ្លាំមើលអីហ្នឹង វាជាសិទ្ធិរបស់គាត់ទេ ជនគ្រប់រូប មានសិទ្ធិតាមដានឃ្លាំមើល ក៏ប៉ុន្តែគ្រាន់តែថា វិធានការច្បាប់តាមរយៈនីតិវិធីរបស់តុលាការនេះ គឺដោយសារមានបទល្មើសកើតឡើង។ សមត្ថកិច្ច មានភស្ដុតាងមូលដ្ឋានផ្លូវច្បាប់រឹងមាំច្បាស់លាស់ បញ្ជាក់ថា មានអំពើញុះញង់ ក្នុងចេតនាបង្កឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជាដើម»។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រុមមេដឹកនាំធ្វើបាតុកម្មនៅមុខក្រុមហ៊ុន កាស៊ីណូ ណាហ្គាវើលដ៍ ចំនួន៩នាក់ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន។ ក្នុងនោះ ពួកគេ៨នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទិ្ធ អ្នកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រីពេជ្យ អ្នកស្រី ហៃ សុភាព អ្នកស្រី រីសុវណ្ណឌី និងអ្នកស្រី ទូច សិរីមាស ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃស។ ដោយឡែក លោក សុខ គង្គា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ពួកគេទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា ការចាប់ខ្លួន និងការឃុំខ្លួនពួកគេទាំងនោះ មិនមែនដោយសារពួកគេអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ឬក៏ដោយសារតែការធ្វើបាតុកម្ម ជួបជុំតវ៉ាដោយសន្តិវិធីតាមផ្លូវច្បាប់នោះទេ។ ប៉ុន្តែ ពួកគេបានប្រព្រឹត្តបទល្មើស ដែលបំពានទៅនឹងច្បាប់ ហើយសមត្ថកិច្ច មានភស្ដុតាងមូលដ្ឋានច្បាស់លាស់ ក្នុងការដំណើរការនីតិវិធីតាមផ្លូវតុលាការ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


