នយោបាយ
គ.ជ.ប ពិនិត្យសម្រេចលើបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្រោយពីទទួលបានយោបល់ពីភាគីពាក់ព័ន្ធ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចជុំវិញការផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលភាគីពាក់ព័ន្ធបានផ្ដល់ត្រឡប់មក គ.ជ.ប វិញ។

បើតាម គ.ជ.ប សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីដែលមានចំនួន១៤ ជំពូក និង១៨៧ ប្រការ ព្រមទាំងមាន៩ ឧបសម្ព័ន្ធ ត្រូវបាន គ.ជ.ប បញ្ជូនទៅឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីសុំផ្ដល់យោបល់ រួមមាន ក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៩ គណបក្សនយោបាយចំនួន២៦ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២៨។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើអនុសាសន៍របស់ភាគីពាក់ព័ន្ធ ដែលមានគណបក្សនយោបាយចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សហ៊្វុនស៊ិនប៉ិច អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ រួចមក គ.ជ.ប បានសម្រេចអនុម័តកែសម្រួលនូវចំណុចមួយចំនួន។ ចំណុចដែលមានការចាប់អារម្មណ៍របស់ភាគីពាក់ព័ន្ធនោះ គឺការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ១១០២)។ ទាក់ទងនឹងចំណុចនេះ គ.ជ.ប បានចេញសេចក្ដីបំភ្លឺរួចហើយ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ០០១ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

គ.ជ.ប សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដែលបានចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាឱ្យបទបញ្ជា និងនីតិវិធីនេះ អនុវត្តទៅបានរលូនល្អនៅក្នុងដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ ដើម្បីប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយ គ.ជ.ប នឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


