Connect with us

នយោបាយ

លោក សុខ ឥសាន ៖ បក្សប្រជាជនមិនបារម្ភ ចំពោះការចងសម្ព័ន្ធភាព របស់បក្សនយោបាយមួយចំនួន នោះឡើយ

បានផុស

នៅ

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភ ចំពោះការស្វះស្វែងរកការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួន ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខ នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន ដូចជា៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្ស កែទម្រង់កម្ពុជា, និងគណបក្សកម្ពុជានិយមជាដើម បានបង្ហាញបំណងចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ ២០២២នេះ។

បើតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយ បានឲ្យដឹងថា គណបក្សនយោបាយ ដែលចងសម្ព័ន្ធភាពជាមួយគ្នានោះ គឺ តម្រូវឲ្យដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ចំពោះតែគណបក្សមួយណា ដែលមានការគាំទ្រច្រើនក្នុងឃុំ-សង្កាត់ នោះប៉ុណ្ណោះ។ ចំណែកឯគណបក្សដទៃទៀត តម្រូវឲ្យអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួន ងាកទៅបោះឆ្នោតឲ្យគណបក្ស ដែលបានដាក់បេក្ខជនឈរឈ្មោះ នោះវិញ។  

លោក សុខ ឥសាន​ អ្នកនាំពាក្យគណបក្សប្រជាជ​នកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៧ ខែមករានេះថា ការស្វះស្វែងរកការចងសម្ព័ន្ធភាព របស់គណបក្សនយោបាយមួយចំនួននោះ ពុំមានច្បាប់ណាមួយហាមឃាត់នោះឡើយ ហើយការបោះឆ្នោតកន្លងមក ក៏ធ្លាប់មានគណបក្សនយោ​បាយ ចងសម្ព័ន្ធភាពជាមួយគ្នាដែរ។

លោកថា ការចងសម្ព័ន្ធភាព គណបក្សនយោបាយទាំងនោះ គឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយថាពុំមានទំនាស់ជាមួយផ្លូវច្បាប់ឡើយ។ ដូច្នេះគណបក្សនយោបាយ អាចចងសម្ព័ន្ធភាពជាមួយគ្នាបាន។ ទោះជាបែបណាក៏ដោយលោក សុខ​ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់វស្សានោះ គ្មានការបារម្ភជុំវិញការចង​សម្ព័ន្ធភាព របស់គណបក្សនយោបាយទាំងនោះ ឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា «អត់ទេ គាត់គួបផ្សំគ្នាទៅ បានសេច​ក្ដីថា គាត់ខ្សោយហើយ បានជាគាត់គួបគ្នាហ្នឹង បើកុំគាត់ម្នាក់ៗហ្នឹងកុំខ្សោយ គាត់មិនគួបគ្នាទេ»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា អាចនឹងមានគណបក្សនយោ​បាយច្រើន ចូលរួមប្រកួតប្រជែង ខណៈបច្ចុប្បន្ន មានគណបក្សនយោបាយជាច្រើន បាននិងកំពុងធ្វើសកម្មភាព រៀបចំសមាសភាពបេក្ខភាពមេឃុំ-ចៅសង្កាត់ ដើម្បីត្រៀមចូលរួមការបោះឆ្នោតនាពាក់កណ្ដាលឆ្នាំនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម