Connect with us

នយោបាយ

មន្រ្តីជាន់ខ្ពស់ គ.ជ.ប បង្ហើបពីលក្ខខណ្ឌមួយចំនួន ក្នុងការ​ឃោសនាបោះឆ្នោតឃុំ-សង្កាត់ ចាប់ពីថ្ងៃស្អែកតទៅ

បានផុស

នៅ

ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភាស្អែកនេះហើយ។ ដើម្បីឲ្យ​ការហែក្បួន​ឃោសនា ​រប​ស់គណបក្សនយោបាយ ប្រព្រឹត្តិ​ទៅដោយរលូន មានរៀបរៀបរយ មានសណ្តាប់ធ្នាប់ និងគ្មានអំពើហឹក្សា​​ លោក ឯម សូផាត សមាជិក គ.ជ.ប​ បានលើកឡើងពីលក្ខខណ្ឌមួយចំនួន ក្នុងការ​ឃោសនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ឯម សូផាត ​គឺនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការឃោស​នា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នាព្រឹកថ្ងៃសុក្រ ​ថ្ងៃទី ២០ ខែឧសភា​នេះ​។

បើតាមលោក ឯម សូផាត ​​ការឃោសនាបោះឆ្នោត ​មានបំណងឲ្យគណបក្សនយោបាយ ដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជនធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អ្នកបោះឆ្នោត ​ហើយសកម្មភាពឃោ​សនា​មានដូចជា៖

ការជួបប្រជុំជាសាធារណៈ របស់គណបក្សនយោបាយ ឬបេក្ខជន, ការរៀបចំក្បួនព្យុហយា ត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងឃុំ-សង្កាត់, ការជួបជុំ ឬការឃោសនាតាមផ្ទះ, ការ​ផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន, ការផ្សព្វ ផ្សាយតាម​រលកធាតុអាកាស ឬការឃោសនាតាម ឧបករណ៍បំពងសំឡេង ឬតាមរយៈការចាក់ផ្សាយ​កាស្សែត វីដេអូ ឬវីស៊ីឌី ឬឌីវីឌី ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ, សកម្ម​ភាពបិទផ្សាយនូវបដា ពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនានានា, សកម្មភាពចែកចាយខិត្តប័ណ្ណគណបក្សនយោបាយ, សកម្មភាពចែកចាយស្លាកសញ្ញាគណបក្ស ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗ ដែលមានបោះពុម្ព ឬគូរ ឬផលិតស្លាកសញ្ញាគណបក្ស ឬបេក្ខជន, សកម្មភាពលើកបដានៅទីសាធារណៈ ឬដំឡើងក្តារបន្ទះបិទ ក្រដាសផ្សាយ, ការប្រគំតន្រ្តី ឬការច្រៀងចម្រៀងឃោសនា ឬការលេងភ្លេងឃោសនា និងការ​រៀបចំកម្មវិធីប្រកួតកីឡា ជាដើម។

​លោក ឯម សូផាត ​បញ្ជាក់ថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ ត្រូវបញ្ឈប់ ​២៤ម៉ោង​មុនថ្ងៃបោះឆ្នោត។ រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ គ្រប់សកម្មភាពឃោសនា​ ត្រូវចាប់ផ្តើមពី​ម៉ោង ៦​ព្រឹក ដល់ម៉ោង ​១០​យប់ និងត្រូវឈប់សម្រាក​នៅចន្លោះពី​ម៉ោង ​១០​យប់ ដល់ម៉ោង ​៦​ព្រឹក​។

ចំណែកសកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេង​ត្រូវ​៖ ហាមឃាត់ជាទូទៅ ចាប់ពី​ម៉ោង ​១២​​ថ្ងៃត្រង់ ដល់ម៉ោង ​២​រសៀល, ហាមឃាត់នៅក្បែរមន្ទីរពេទ្យ, ហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេលម៉ោងសិក្សា​។ ចំពោះរាល់ការស្ទង់មតិ និងការផ្សព្វផ្សាយលទ្ធផល នៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ត្រូវបញ្ឈប់ ​៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។ ​

ដោយឡែកការលើក ឬបិទផ្សាយស្លាកសញ្ញាគណបក្សនយោបាយ និងសម្ភារឃោសនាបោះឆ្នោត នៅក្នុងអំឡុងពេលឃោសនា​ គណបក្សនយោបាយ​ អាចលើកស្លាកសញ្ញាគណបក្សនៅទីសាធារណៈ ដោយមានការសម្របសម្រួលពីអាជ្ញាធរឃុំ-សង្កាត់ ដោយ​ផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពសាធារណៈ, មិនត្រូវបានអនុញ្ញាតឲ្យលើកស្លាកសញ្ញាគណបក្សនយោបាយ ឬបិទសម្ភារឃោសនានៅក្នុងបរិវេណ ឬលើអគារ ឬការិយាល័យរបស់រដ្ឋ, មិនត្រូវបានអនុញ្ញាតឲ្យលើក ឬបិទស្លាកសញ្ញាគណបក្សនយោបាយ បដាឃោសនា រូបសញ្ញាឃោសនា ពាក្យស្លោក ខិត្តប័ណ្ណ នៅតាមលំនៅឋានរបស់​ប្រជាពលរដ្ឋ ប្រសិនបើមិន​មានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន​។​​

លោក ឯម សូផាត ​បញ្ជាក់ទៀតថា ​ស្លាកសញ្ញា ឬសម្ភារឃោសនារបស់គណបក្សនយោបាយ ដែលស្ថិតនៅក្នុងរង្វង់ ​១០០ម៉ែត្រ ពីការិយាល័យបោះឆ្នោត សាមីគណបក្សត្រូវយកចេញយ៉ាងយូរបំផុត នៅថ្ងៃបញ្ចប់ការឃោសនា​ លើកលែងតែស្លាកសញ្ញា ​ដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្សនយោបាយ ហើយគណបក្សនយោបាយ ត្រូវប្រមូលយកមកវិញនូវប័ណ្ណប្រកាស ឬប័ណ្ណបិទផ្សាយ ឬបដា ឯកសារឃោសនាទាំងអស់របស់ខ្លួន ពីគ្រប់ទីកន្លែងសាធារណៈ ក្នុងរយៈពេលយ៉ាងយូរ ១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។

ជាមួយគ្នានោះ លោក ឯម សូផាត ​បានឲ្យដឹងដែរថា​​ ​នៅក្នុងការឃោសនា ហាមប្រើប្រាស់ថវិកា សម្ភារ មធ្យោបាយដឹកជញ្ជូនជាសម្បត្តិរបស់រដ្ឋ ដែលមានស្លាកលេខ ឬដោះស្លាកលេខចេញ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម