នយោបាយ
លោក ប្រាក់ សុខុន៖ តួអង្គទាំងអស់សុទ្ធតែចង់ឱ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតីឡើងវិញ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឋានៈជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានគូសបញ្ជាក់ថា តួអង្គទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា សុទ្ធតែបានលើកឡើងដូចៗគ្នាអំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេសរបស់ខ្លួនវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋាន ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន យល់ឃើញថា តួអង្គនយោបាយផ្សេងៗគ្នាទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា គួរប្រកាន់ជំហរ បើកចំហរបន្ថែមទៀត សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលជាអំណោយផលដល់ដំណើរការសន្តិភាព ប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាន។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ខណៈលោកធ្វើសេចក្តីរាយការណ៍ពត៌មានជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការអនុវត្ត ការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកព័ត៌មានថ្មីៗស្តីអំពីការងារ ដែលកម្ពុជាបានអនុវត្ត រួមទាំងលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោកជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា និងលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លទ្ធផលនៃទស្សនកិច្ចជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា លោកបានលើកអំពីការជួបពិគ្រោះយោបល់ជាមួយឥស្សរជនសំខាន់ៗបួនក្រុមផ្សេងគ្នា នៅប្រទេស មីយ៉ាន់ម៉ា ក្នុងនោះរួមមាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) តួអង្គក្រៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ អង្គទូត និងទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ។លោកថា ជំនួបទាំងនេះបានផ្តល់ឱកាសជូនលោក និងក្រុមការងារបានស្តាប់ពិភាក្សា និងបញ្ជាក់អំពីការត្រៀមជួយជ្រោមជ្រែងដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈក្របខ័ណ្ឌអាស៊ាន ដើម្បីសម្រេចបានវឌ្ឍនភាពបន្ថែមទៀត ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច។
លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តួអង្គទាំងអស់បានលើកឡើងដូចៗគ្នា អំពីសេចក្តីប្រាថ្នាចង់ឱ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតីឡើងវិញ និងចង់បានដំណោះស្រាយចំពោះបញ្ហាមនុស្សធម៌នៅលើមូលដ្ឋាន ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ លោកយល់ឃើញថា តួអង្គនយោបាយផ្សេងៗគ្នា នៅប្រទេសមីយ៉ាន់ម៉ា គួរប្រកាន់ជំហរបើកចំហរបន្ថែមទៀត សម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដើម្បីកសាងការយោគយល់គ្នា ជំនឿ និងទំនុកចិត្តទៅវិញទៅមក ដែលអំណោយផលដល់ ដំណើរការសន្តិភាពប្រកបដោយបរិយាប័ន្ន និងអាចទុកចិត្តបាននៅមីយ៉ាន់ម៉ា។
លោកបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់កម្ពុជា ធ្វើជាអ្នកស្តាប់យ៉ាងយកចិត្តទុកដាក់ និងជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់សម្រាប់មីយ៉ាន់ម៉ា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


