នយោបាយ
បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន
បុរសខ្លាំងរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលសុទ្ធតែជាអ្នកបន្តវេនវ័យក្មេង បានសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជនលើសពីការរំពឹងទុករបស់សម្តេចទៅទៀត។ សម្តេចតេជោ ប្រមុខគណបក្សកាន់អំណាចបានវាយតម្លៃដូច្នេះនៅក្នុងមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ។

នៅចំពោះមុខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជន ជានិមិត្តរូបនៃការផ្លាស់ប្តូរ ពោល គឺប្តូរពីការលំបាកមកភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជា។ សម្តេចតេជោ បានអះអាងថា រយៈពេលជាង១៦ខែកន្លងមកនេះ គេអាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ជាពិសេស ការរក្សាបាននូវស្ថេរភាព និងសន្តិភាពសម្រាប់ប្រទេស និងប្រជាជន។ ការដឹកនាំរបស់អ្នកបន្តវេន គឺពិតជាមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន។ ជាមួយគ្នានេះ សម្ដេច ក៏បានបញ្ជាក់ថា ពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មិនគួរប្រើទៀតទេ គួរប្រើថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បីបង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។

បន្ថែមលើនេះ សម្ដេចតេជោ បានអះអាងថា ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺឈរលើមូលដ្ឋានតថភាពនេះបានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


