Connect with us

សន្តិសុខសង្គម

មនុស្ស៣នាក់​ ត្រូវ​ឃាត់ខ្លួន​ករណីដឹកជញ្ជូនសាច់បង្កក​លើ​ទូក​មក​ពី​ថៃ

បានផុស

នៅ

កោះកុង ៖ មនុស្ស៣នាក់​ឃាត់ខ្លួន ករណី​ដឹក​ជញ្ជូន​សាច់​បង្កក​មក​ពី​ថៃ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញបង្រ្កាបបាន គ្រាកំពុងធ្វើដំណើរលើផ្ទៃសមុទ្រត្រង់ចំណុចឆ្នេរខ្សាច់ពាមក្រសោប ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយទំនិញបង្កកមួយចំនួនដុតបំផ្លាញចោល និងរឹបអូលជាវត្ថុតាងតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខេត្តកោះកុង ព្រះរាជអាជ្ញារងខេត្ត និងមន្រ្តីជំនាញចម្រុះ រួម​សហការ​បន្ត​តាមដាន​បង្រ្កាបទូកដឹកទំនិញជាសាច់បង្កក១គ្រឿង​មក​ពី​ប្រទេស​នៅ​លើផ្ទៃសមុទ្រ កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៧ខែតុលា គ្រោង​បម្រុង​នឹងបន្តដឹកទៅកាន់ព្រំដែនព្រែកចាក។

លោក ហាក់ ឡេង អភិបាល​រង​ខេត្តកោះកុង បានឱ្យដឹងល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ថា ម្ចាស់ទូកដឹកឥវ៉ាន់ឈ្មោះ អ៊ុក ណារ៉ូ និងជនសង្ស័យ២នាក់ទៀត រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដឹកទំនិញគេចពន្ធខាងលើពីចំណុចខ្លងស្រ៊ុន ស្រុកខ្លងយ៉ៃ ខេត្តត្រាត ដោយ​បម្រុង​ឡើង​ទំនិញ​នៅ​ព្រែក​ឆ្មា​បាត់​ចូល​តាម​ច្រកពាមក្រសោប ប៉ុន្តែត្រូវទប់ស្កាត់បង្រ្កាបបានភ្លាមៗ។

លោក ហាក់ ឡេង បានបន្តថា ពួក​គេស៊ីឈ្នួល​ដឹក​ទំនិញពី​ថៃ​ក្នុង១ជើងយកថ្លៃ១២០០បាតទៅ១៥០០បាត ទំនិញ​ទាំង​នោះ​នឹង​ត្រូវ​ដឹក​ជញ្ជូនបន្តទៅកាន់ព្រំដែនព្រែកចាក ខេត្តកំពត។

សកម្មភាពល្មើសរបស់ជនសង្ស័យធ្វើឡើងរយៈពេល២ខែមកហើយ។ សមត្ថកិច្ច​រកឃើញមានក្តាម​សក​ចំនួន២៩កេស តូចធំ ក្តាមបង្កក៥កេស ជើងមាន់បង្កក១២កេស ស្មើនឹង​ទម្ងន់​សរុប​ជាង​១តោន។ ក្រៅពីនេះ ថ្នាំលាប​ពណ៌​កំប៉ុង ថ្នាំសារធាតុប្រតិកម្មអាស៊ីត កាហ្វេកញ្ចប់ ស្លឹកកាធម ស្រោមដៃក្រណាត់ និងសំបកដបទឹក។ ជាក់ស្តែង ទំនិញបង្កកត្រូវបានដុតកម្ទេចចោល រីឯក្តាមសក បញ្ជូន​ទៅ​ប្រលែង​ឱ្យ​រស់​រាន​មាន​ជីវិតនៅព្រៃកោងកាង។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្តមួយរូប លោក ហាក់ ឡេង បាន​ណែនាំ​ដល់​សមត្ថកិច្ច​ដែល​មាន​តួនាទី​ចំពោះ​មុខចាំបាច់បន្តតាមដានស្រាវជ្រាវមុខសញ្ញាដែលនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា ពិសេសក្នុងភូមិសាស្រ្តខេត្តកោះកុងតែម្តង ដោយ​មិន​ឱ្យ​រួច​ទោស​ទណ្ឌ​នោះទេ។

នេះជាលើកទី៣ហើយដែល អាជ្ញាធរ និងសមត្ថកិច្ច​ចម្រុះសហការបង្ក្រាបទំនិញគេចពន្ធ​ពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តកោះកុង។ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ស្នើដល់រាជរដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការចំពោះមន្រ្តី និងឈ្នួញខិលខូចដែលបន្តលួចនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ដោយដាក់ទោសឱ្យធ្ងន់ធ្ងរបំផុតផងដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម