Connect with us

សន្តិសុខសង្គម

យុវតីពលកររងគ្រោះ​ពី​​ការ​ចាប់រំលោភ​ពី​ទាហាន​ឈុតខ្មៅថៃ ពេលនេះសុខភាពបាន​ល្អ​ប្រសើរ

បានផុស

នៅ

ក្រុម​គ្រួសារ​យុវតីជាពលកររងគ្រោះ​ដោយសារទាហានឈុតខ្មៅថៃ​ចាប់រំលោភ​បានប្រាប់ថា​ ស្ថានភាព​សុខភាព​របស់​នាង​ពេលនេះ​បាន​ល្អ​ប្រសើរ​ ខណះនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏​​បាន​​ចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមរយះការចុះសួរសុខទុក្ខ លោក សុខ លូ បានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សនិងសិទ្ធិស្ត្រី ខណះពេលនេះ លោកបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារឲ្យមានស្មារតីរឹងមាំឡើងវិញ ហើយក្រុមគ្រូពេទ្យបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ខណៈស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញជាបន្តបន្ទា ប់។

ជាមួយគ្នានេះលោកបានបញ្ជាក់ប្រាប់ជនរងគ្រោះ និងក្រុមគ្រួសារផងដែរថា រាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការតាម ផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ច ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ដែលជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបងខណះពេលដែលយុវតី​រងគ្រោះ ដែលមានអាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ រួមពលករខ្មែរប្រុសស្រីជាង ១០ នាក់ទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ ហើយ​ត្រូវ​បាន​ក្រុមទាហានឈុតខ្មៅថៃប្រមាណ ៧ នាក់ បានចាប់វាយដំ ទាត់ធាក់ ធ្វើទារុណកម្មលើពលករប្រុសៗ និងបានចាប់រំលោភបំពានរាងកាយនារីរងគ្រោះរូបនេះតែម្តង ក្នុងនោះក៏បានជំរិតទារប្រាក់ និងប្លន់ យកទ្រព្យសម្បត្តិមួយចំនួនផងដែរ។

ករណីរបស់ទាហានឈុតខ្មៅថៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏​គ្រោងនឹងដាក់បណ្តឹងទៅប្រទេសថៃរួមនិងអន្តរជាតិផងដែរ ក្រោយប្រមូលភស្តុតាងពាក់ព័ន្ធគ្រប់គ្រាន់ ក្រោយលោកនិងភរិយាបានចុះសួរសុខទុក្ខយុវតីពលកររងគ្រោះកាលពីពេលថ្មីៗនេះ។

ស្របពេលនេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ក៏បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំ​ពោះ​ទង្វើកងកម្លាំង​ឈុតខ្មៅថៃ ៧ នាក់ ដែលបានរួមគ្នារំលោភបំពានលើរាងកាយយុវតីខ្មែរម្នាក់។ ករណី​នេះ (CHRC) ព្រមទាំងអង្គការសង្គមស៊ីវិល ២១៦ ស្ថាប័នទៀត បានចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរ និងទាមទារឲ្យមានការផ្ដន្ទាទោសលើជនល្មើស ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ដែលជាយុវតីពលករខ្មែរទើបតែមានអាយុ ១៨ ឆ្នាំ៕

អត្តបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម