Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តក្រចេះ ចុះបង្ក្រាប​ករណី​គ្រឿង​ញៀន​​​បណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំង​មេក្លោងគ្រឿងញៀនមួយកន្លែង រហូតឈានដល់មានការផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់ក្នុងពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

នេះបើ​តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ និង​បានបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀនអនុវត្តតាមដីការបស់តុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនារសៀលថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតនៅ​ភូមិ​ថ្មី ក្នុងឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះមានឈ្មោះ ថា មករា ភេទប្រុស អាយុ ២៦​ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូងផ្នែងខាងស្ដាំដួលស្លាប់នៅ​នឹងកន្លែង។

យោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត ការផ្ទុះអាវុធនៅភូមិថ្មី ឃុំសណ្តាន់ និងឈានដល់មានអ្នកស្លាប់ខាងលើ គឺជាករណីបង្ក្រាបគ្រឿងញៀន។ អ្នកស្លាប់ គឺជាបក្ខពួកជួញដូរគ្រឿងញៀន។

លោកបន្តថា ពេលកម្លាំងទៅដល់ មានការប្រទូសរាយគ្នាតែម្តង ដោយភាគីខាងបក្ខពួកគ្រឿងញៀនមាន​​អាវុធខ្លីមួយដើម។ តាមចម្លើយសារភាពបក្ខពួកម្នាក់ទៀតដែលឃាត់ខ្លួនបាន មេក្លោងមានអាវុធខ្លីជាប់នឹងខ្លួន។ ក្នុងនោះ សមត្ថិច្ចឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន ២នាក់ (ប្រុស) បច្ចុប្បន្នកំពុងបន្តនីតិវិធី។

ទោះជាយ៉ាងណាក្តីនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ ជនរងគ្រោះដែល​បានស្លាប់បាត់បង់ជីវិត បានរៀបរាប់ពីហេតុការណ៍ផ្ទុះអាវុធថា មុនពេលកើតហេតុឈ្មោះ ថា មករា បានមកផ្ទះតាយាយ ដើម្បីងូងទឹកឱ្យតាពិការជារៀងរាល់ល្ងាច ក្រោយពីមកឃ្វាល​ក្របីវិញ ដោយនៅថ្ងៃកើតហេតុខាងលើ ឈ្មោះ ថា មករា ទើបតែមកដល់មួយសន្ទុះ ស្រាប់តែមានកម្លាំងសមត្ថកិច្ច ចុះ​មកបង្ក្រាបករណីគ្រឿងញៀនក្នុងផ្ទះយាយតា ដោយមានអ្នកប្រព្រឹត្តផ្សេងទៀតនៅក្នុងផ្ទះ ហើយអ្នកប្រព្រឹត្តក៏បាននាំគ្នារត់ទៅខាងក្រោយផ្ទះ បានជាសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ហើយឈ្មោះ ថា មករា ឈរមើលគេរត់ក៏ត្រូវសមត្ថកិច្ចមកបាញ់ដួលផ្កាប់មុខទៅនឹងដីតែម្ដង ។

តាមការលើកឡើងពីឈ្មោះ ថា រក្សា ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះ បានរៀបរាប់បន្ថែមថា ក្រោយ​ពី​បងប្រុសខ្លួនត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ខ្លួនក៏បានដឹកបងប្រុសតាមរថយន្តរបស់សមត្ថកិច្ចដើម្បី​យកទៅមន្ទីរពេទ្យ។ មុននឹងលើកបងឡើងទៅលើរថយន្ត ក៏បានស្ទាបហោប៉ៅខោរបស់បងប្រុសទាំងអស់​ដើម្បីយកសម្ភារៈមានដូចជា ទូរសព្ទ លុយ កាស និងសោរម៉ូតូ ដើម្បីយកទុកអស់ពីហោប៉ៅ ដោយ​ពុំបានឃើញអ្វីក្រៅពីនោះទៀតទេ។ ស្រាប់តែពេលមកដល់មន្ទីរពេទ្យ ដោយ​រវល់រៀបចំឯកសារ សមត្ថកិច្ច និងពេទ្យក៏បានបញ្ជូនបងប្រុសរបស់ខ្លួនទៅបន្ទុប់សង្គ្រោះបន្ទាន់ស្រាប់តែប្អូនស្រីមកវិ​ញ​យំ​ឱបបងប្រុស ហើយប៉ះហោប៉ៅខោក៏ឮសំឡេងថង់ ក៏យកមកមើល ឃើញមានគ្រឿងញៀនតែម្ដង។

ប្រភពដដែលបានបន្តថា នៅពេលដែរសមត្ថកិច្ចធ្វើសកម្មភាពចុះពីលើរថយន្ត ប្រដាប់ដោយអាវុធគ្រប់ដៃ ចុះមកបាញ់រះយកតែម្តង បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះ ថា មករា ត្រូវគ្រាប់កាំភ្លើងចំដើមទ្រូងផ្នែងខាងស្ដាំ ដួលស្លាប់នៅនឹងកន្លែងតែម្តង។

ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ បានស្នើសុំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយចុះ ស្រាវជ្រាវស៊ើបអង្កេតក្នុងរឿងនេះផង ដើម្បីស្វែងរកយុត្តិធម៌ជូនដល់កូនរបស់គាត់ផង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម