សន្តិសុខសង្គម
យុទ្ធនាការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ០៣ សមត្ថកិច្ចពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំសរុបទឹកប្រាក់ជាង ១ពាន់៧៤០លានរៀល
ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន ១.៧៤៤.០០០.០០០រៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ការផាកពិន័យនេះ បែងចែកជាពីរផ្នែកធំៗ រួមមាន ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់) ដោយករណីនេះ សមត្ថកិច្ចផាកពិន័យបានទឹកប្រាក់ ១ពាន់ ៧២០លានរៀល ក្នុងនោះ នៅភ្នំពេញមាន ៩៥៦លានរៀល ព្រះសីហនុមាន ៦៦៨លានរៀល កណ្តាលមាន ៦០លានរៀល មណ្ឌលគិរី មាន ២០លានរៀល និងខេត្តសៀមរាប មាន១៦លានរៀល។ ចំណែក ទី២ គឺការផាកពិន័យលើការគ្រប់គ្រងប្រព័ន្ធសន្តិសុខ ទទួលបានទឹកប្រាក់ពិន័យចំនួន ២៤លានរៀល រួមមាន ខេត្តមណ្ឌលគិរី ៤០០.០០០រៀល និងខេត្តកណ្តាល ២៣.៦០០.០០០រៀល។

តាមរបាយការណ៍ដដែល នៅក្នុងខែមេសានេះ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ សមត្ថកិច្ចមូលដ្ឋានបានបើកយុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត សរុប ២.៦៩៦ទីតាំង មានមនុស្សពាក់ព័ន្ធ២១.២៥៩នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មាន ១.០៤៥ទីតាំង តាកែវ មាន ១.១០៨ទីតាំង ក្រចេះ មាន៣៤៥ទីតាំង ព្រះសីហនុ មាន៨៣ទីតាំង បន្ទាយមានជ័យ មាន៥៦ទីតាំង កំពង់ចាម មាន៣៧ទីតាំង មណ្ឌលគិរី មាន១២ទីតាំង ឧត្តរមានជ័យមាន ៥ទីតាំង កណ្ដាល មាន៣ទីតាំង រតនគិរី មាន១ទីតាំង និងខេត្តសៀមរាប មាន១ទីតាំង។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល បានបង្ហាញពីឆន្ទៈក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ លោកសង្កត់ធ្ងន់ថា ការរឹតបន្តឹងអនុក្រឹត្យលេខ ០៣ មិនមែនធ្វើឡើងត្រឹមតែជាយុទ្ធនាការមួយគ្រានោះទេ ប៉ុន្តែគឺជាកិច្ចការងារអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានហ្មត់ចត់ ពិសេសរួមចំណែកបោសសម្អាត និងលុបបំបាត់ឱ្យអស់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក ស សុខា ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តសហការគ្នាជិតស្និទ្ធក្នុងការត្រួតពិនិត្យរដ្ឋបាល និងតាមដានរាល់សកម្មភាពមិនប្រក្រតីនៅតាមមូលដ្ឋាន ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែមានសុវត្ថិភាព ផ្ដល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសដែលមកធ្វើអាជីវកម្មស្របច្បាប់។ ប្រមុខក្រសួងមហាផ្ទៃ បានរំលឹក និងដាស់តឿនយ៉ាងទទូច ដល់ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំទាំងអស់ អនុវត្តកាតព្វកិច្ចរាយការវត្តមានជនបរទេស និងរៀបចំទីតាំងរបស់ខ្លួនឲ្យស្របតាមការកំណត់ក្នុងអនុក្រឹត្យ០៣ ចៀសវាងទទួលរងការផាកពិន័យ និងទណ្ឌកម្មផ្លូវច្បាប់ផ្សេងទៀត។

សូមបញ្ជាក់ថា ទីតាំងស្នាក់នៅប្រមូលផ្តុំ គឺសំដៅទៅលើទីសំណាក់ប្រមូលផ្តុំ ឬលំនៅឋានប្រមូលផ្តុំ រួមមាន បុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ អគារសហកម្មសិទ្ធិ រោងចក្រ សហគ្រាស កសិដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស តំបន់ដីសម្បទានសេដ្ឋកិច្ច ផ្ទះសំណាក់ សណ្ឋាគារ អន្តេវាសិកដ្ឋាន វត្តអារាម វិហារសាសនា និងមណ្ឌលថែទាំកុមារកំព្រាជាដើម។
អនុក្រឹត្យលេខ០៣ ក៏បានបែងចែកតួនាទី និងភារកិច្ចដល់អាជ្ញាធរ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវដឹកនាំត្រួតពិនិត្យ និងជំរុញការអនុវត្តការងារគ្រប់គ្រងការស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ ចំណែកស្នងការ និងអធិការ មានតួនាទីជាសេនាធិការជូនអភិបាល លើការរៀបចំផែនការ និងដឹកនាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីអនុវត្តផែនការការងារគ្រប់គ្រង ការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងដែនសមត្ថកិច្ច។

អនុក្រឹត្យនេះ ក៏បានកំណត់កាតព្វកិច្ចយ៉ាងច្បាស់ដល់ម្ចាស់ទីតាំង ប្រធាន ឬម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មានកាតព្វកិច្ចកត់ត្រាអ្នកស្នាក់នៅទាំងអស់ ដើម្បីរាយការណ៍ទៅសមត្ថកិច្ច។ ការប្រែប្រួលអ្នកស្នាក់នៅក៏ត្រូវតែរាយការណ៍ និងត្រូវសហការពេលសមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាល។ ករណីមានវត្តមានជនបរទេសស្នាក់នៅបណ្តោះអាសន្ន ត្រូវរាយការណ៍ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬសមត្ថកិច្ច យូរបំផុត២៤ម៉ោង។ មុនអនុញ្ញាតឱ្យស្នាក់នៅត្រូវឱ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់បើផ្ទុយពីនេះគឺមិនត្រូវឱ្យស្នាក់នៅជាដាច់ខាត។

ក្នុងករណីម្ចាស់ទីតាំង ឬអាជ្ញាធរមានសមត្ថកិច្ចមិនអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យនេះ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មមួយចំនួនដូចជា ចំពោះម្ចាស់ទីតាំង ប្រធាន ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំណា ដែលមិនបានអនុវត្តកាតព្វកិច្ចខាងលើ នឹងត្រូវផាកពិន័យជាប្រាក់ចំនួន ៤លានរៀល ក្នុងជនបរទេសម្នាក់ (គុណប្រាក់តាមចំនួនជនបរទេសជាក់ស្តែង) ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ។ ដោយឡែក ចំពោះអាជ្ញាធរមានសមត្ថកិច្ច ដែលមិនបំពេញតួនាទីដោយស្មោះត្រង់ ឬមានចេតនាលាក់បាំងជនបរទេសខុសច្បាប់ឱ្យស្នាក់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវទទួលទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌឡើយ៕





-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


