Connect with us

សន្តិសុខសង្គម

សាលាដំបូងរាជធានីសម្រេចឃុំខ្លួនជនត្រូវចោទ ១៦នាក់ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត

បានផុស

នៅ

លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទទាំង ១៦រូប រួមមាន៖ ១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ) ២. ឈ្មោះ នួន ហួយ (ភេទ ប្រុស សន្តិសុខ) ៣. ឈ្មោះ ឈិន សំណាង ( ភេទ ប្រុស សន្តិសុខ) ៤. ឈ្មោះ ចាន់ បូរី (ភេទប្រុស សន្តិសុខ) ៥. ឈ្មោះ សុខ ឃឿន (ភេទ ប្រុស សន្តិសុខ) ៦. ឈ្មោះ យ៉េន ភារុណ (ភេទប្រុស សន្តិសុខ) ៧. ឈ្មោះ ស៊ី វីឡា (ប្រធានក្រុមរដ្ឋបាលក្រុមហ៊ុនកាស៊ីណូ) ៨. ឈ្មោះ មុំ រីណា (ភេទប្រុស សន្តិសុខ) ៩. ណាន ចាន់ត្រា (ភេទប្រុស សន្តិសុខ) ១០. ជាតិ សុវណ្ណារិត ( ភេទប្រុស សន្តិសុខ) ១១. ឈួម វិវត្តន៍ (ភេទប្រុស សន្តិសុខ) ១២. ឈ្មោះ LIU JUAN JUAN (ភេទស្រី ជនជាតិចិន) ១៣.ឈ្មោះ LIU YUE XIANG (ភេទប្រុស ជនជាតិចិន) ១៤. ឈ្មោះ FANG ZHENG (ភេទប្រុស អ្នកសារព័ត៌មាន) ១៥. ឈ្មោះ LIN JIN QIANG (ភេទប្រុស ជនជាតិចិន អ្នកថតរូប) ១៦. ឈ្មោះ LIN JIANFA (ភេទប្រុស ជនចិន ផ្នែកទំនាក់ទំនង និងផ្តល់ព័ត៌មាន) ។

ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៨៨ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរបានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់។

ជនត្រូវទាំង១៦នាក់ត្រូវបានចោទប្រកាន់ពីបទ អ្នកសមគំនិតក្នុងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងបទ ផ្តល់ជំនួយដល់ចារី ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដល់ពេលបច្ចុប្បន្ន និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌទី ៣ ចំណុច ១ និងមាត្រា ១៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៥៤៤ ចំណុច ៤ នៃក្រមព្រហ្មទណ្ឌ។»

ជនត្រូវចោទជាបុរសត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំណែកជនត្រូវចោទជាស្ត្រីជនជាតិចិន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីរង់ចាំការវិនិច្ឆ័យទោសតាមនីតិវិធីច្បាប់ជាបន្តទៀត។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ១៦រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ ពេលកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយនៅចំណុច កាស៊ីណូក្រោន និង សណ្ឋាគារឡុងឡៃលី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានរកឃើញថា បានធ្វើសកម្មភាព តាមដានយកព័ត៌មានដោយទុច្ចរិតពីមន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ដើម្បីសម្របសម្រួលឱ្យក្រុមឧក្រិដ្ឋជនឱ្យរួចផុតពីការស៊ើបអង្កេត និងរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់។ ក្រុមជនសង្ស័យបានរៀបចំជាក្រុមចាត់តាំង បែងចែកតួនាទីច្បាស់លាស់ ក្នុងនោះមានការប្រើប្រាស់ក្រុមតេឡេក្រាម ចំនួន ៣ សំខាន់ៗ រួមមាន៖ ទី១ ក្រុមសង្កេតការណ៍ប៉ោយប៉ែត៖ មានសមាជិក ៤៨នាក់ សម្រាប់រាយការណ៍អំពីសភាពការណ៍ប្រចាំថ្ងៃ និងសកម្មភាពរបស់សមត្ថកិច្ចតាមផ្លូវ, ទី២ ឈ្មោះក្រុមជំនួយការ-សន្តិសុខ៖ មានសមាជិក ៣៣នាក់ សម្រាប់ផ្ដល់ព័ត៌មានការពារការសម្ងាត់ និងទី៣ ឈ្មោះក្រុមពិភាក្សាសន្តិសុខ OKVIP៖ សម្រាប់តាមដានរឹតបន្តឹងសកម្មភាពចេញ-ចូលទីតាំងប្រព្រឹត្តបទល្មើស។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

ប្រភព៖​ (គ.ប.ឆ.ប.)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម