Connect with us

សន្តិសុខសង្គម

ព្រះសង្ឃជិត ២០ អង្គ មានអាការក្តៅព្រះកាយ ត្រូវបានបញ្ជូនទៅពេទ្យបង្អែកស្រុកថ្មគោល ទាំងយប់

បានផុស

នៅ

បើ​តាម​ព័ត៌មាន​បឋម ព្រះសង្ឃ​ជិត ២០ អង្គ គង់​នៅ​វត្ត​ខ្នាចរមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​បវេល មាន​អាការ​ក្តៅ​ព្រះ​កាយ អង្គ​ខ្លះ​ស្រែកយំ​ផ្អើល​ពេញ​វត្ត ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ឲ្យ​រថយន្ត​សាមុយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ថ្មគោល​ទាំង​យប់​តែម្ដង ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាមៗ កាលពី​វេលា​ម៉ោង ១១ យប់ ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​មូលដ្ឋាន​ប្រាប់​ថា ព្រះសង្ឃ​ដែល​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​យប់មិញ ចំនួន ១៨ អង្គ នៅ​ក្នុង​វត្ត​ខ្នាចរមាស ដោយមាន​អាការ​ក្ដៅខ្លួន​ខ្លាំង រហូតដល់​អង្គ​ខ្លះ​ស្រែកយំ​ផ្អើល​ពេញ​វត្ត​ទៀត​ផង។

ព្រះ​តេជគុណ អ៊ឹប ភារុណ មាន​សង្ឃដីកា​ដែរ​ថា អាការ​បែប​នេះ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ ទៅលើ​ព្រះសង្ឃ​តែ ៤ ឬ ៥ អង្គ​ប៉ុណ្ណោះ។ រហូត​ម៉ោង​ប្រហែល ៨ យប់មិញ នា​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ក៏បាន​ឆ្លង​រាលដាល​ព្រះសង្ឃ​ដល់​ទៅ ១៨ អង្គ តែម្ដង។

អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រោយពី​ព្រះសង្ឃ​តែ​ប៉ុន្មាន​អង្គ​ដំបូង​មាន​អាការ​ឡើង​កម្ដៅ​ខ្លាំង គ្រូ​ចៅអធិការ​វត្ត ក៏បាន​ឲ្យ​គ្រូពេទ្យ​ទៅ​ពិនិត្យ និង​ប្រើប្រាស់​ថ្នាំ​បន្ថយ​កម្ដៅ។ តែ​ក្រោយមក អាការ​ឡើង​កម្ដៅ​នៅ​ដដែល។

ព្រះ​តេជគុណ អ៊ឹប ភារុណ បញ្ជាក់​បន្ថែម​ថា ក្រោយ​គ្រូពេទ្យ​ឲ្យ​ឆាន់​ថ្នាំ ព្រះសង្ឃ​ទាំងនោះ​ក៏​ធូរ​ស្រាល​ភ្លាមៗ តែ​ក្រោយមក ឡើង​កម្ដៅ​វិញ ហើយ​ឆ្លង​រាលដាល​ខ្លាំង​ដល់​ព្រះសង្ឃ​នានា​ក្នុង​វត្ត រហូត ១៨ អង្គ។ ក្នុង​នោះ ធ្វើ​ឲ្យ​ព្រះសង្ឃ​អង្គ​ខ្លះ​ស្រែកយំ​ពេញ​សាលាឆាន់ ទើប​អាជ្ញាធរ​សម្រេច​ឲ្យ​រថយន្ត​សាមុយ​ជួយ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មគោល​តែម្ដង។

គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ខ្លះ​ឡើង​កម្ដៅ​ខ្លាំង​រហូត ៣៩ អង្សា។ ពេលនេះ ព្រះសង្ឃ​ទាំង ១៨ អង្គ កំពុង​គង់​នៅ​ព្យាបាល​ដោយ​ព្យួរ​សេរ៉ូម​នា​មន្ទីរពេទ្យ។ ក្រោយពី​ក្រុម​គ្រូពេទ្យ​យក​សំណាក​ឈាម​រួច គឺ​មិនទាន់​ផ្តល់​លទ្ធផល​នៅឡើយ​ទេ។ តែ​មក​ដល់​ពេលនេះ គ្រូពេទ្យ​ថា ព្រះសង្ឃ​ខ្លះ​មាន​សភាព​ធូរស្រាល​ហើយ រង់ចាំ​តែ​លទ្ធផល​ប៉ុណ្ណោះ៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម