Connect with us

សន្តិសុខសង្គម

Update ៖ ចាប់បានហើយបុរសជាប្ដីមានជំងឺសរសៃប្រសាទវាយសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

បានផុស

នៅ

បុរស​ម្នាក់ មាន​ជំងឺ​សរសៃប្រសាទ ក្រោយពី​វាយ​សម្លាប់​ប្រពន្ធ​ខ្លួន​ហើយ ព្យាយាម​គេចខ្លួន ពេលនេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង ៧ យប់ ខែ​ឆ្នាំ​ដដែល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ៤ និង ១៥ នាទី​រសៀល ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៣ នៅ​ក្នុង​ភូមិ​ជម្ពូ​វ័ន ២ សង្កាត់​ចោមចៅ ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ដោយ​បុរស​ម្នាក់​មាន​ជំងឺ​សរសៃប្រសាទ​រើ​ឡើង ក៏​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​ក្នុង​ថ្លុក​ឈាម​នៅ​ឡៅតឿ ហើយ​ព្យាយាម​គេចខ្លួន។

ជន​សម្លាប់​ប្រពន្ធ​ខ្លួនឯង ឈ្មោះ សៀង សេត អាយុ ៥៩ ឆ្នាំ ជា​មនុស្ស​សរសៃប្រសាទ​ច្រើន​ឆ្នាំ​មក​ហើយ ធ្លាប់​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ប្រើប្រាស់​ថ្នាំ ទើបតែ​អស់​ថ្នាំ ៣ ថ្ងៃ មុន​កើត​ហេតុ​នេះ​ទេ។

ចំណែក​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ លី សុភា អាយុ ៥៤ ឆ្នាំ។ គ្រួសារ​ខាងលើ​មាន​កូន ២ នាក់ ប្រុស ១ នាក់ ស្រី ១ នាក់ និង​ចៅប្រុស ១ នាក់ រស់នៅ​ផ្ទះ​កើតហេតុ គ្នា ៦ នាក់ ជា​ក្រុម​គ្រួសារ។

តាម​ការ​បំភ្លឺ​ពី​កូនប្រុស បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ប្រព័ន្ធ​ប្រសាទ ច្រើន​ឆ្នាំ​មក​ហើយ គាត់​លេប​ថ្នាំ​ប្រចាំថ្ងៃ តែ ៣ ថ្ងៃ​មកនេះ អស់​ថ្នាំលេប ហើយ​អាការ​ឃើញ​ដូច​ធម្មតា មិនទាន់​នាំ​ទៅ​មន្ទីរពេទ្យ​រុស្សី​ផង ស្រាប់តែ​កើត​រឿង​បែបនេះ​តែម្ដង គ្រា​ដែល​កូនចៅ​មិន​នៅផ្ទះ។

បើ​តាម​កូនស្រី​របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា ក្រោយពី​ហូបបាយ​ថ្ងៃត្រង់​រួច កូនចៅ​នាំ​គ្នា​ជាប់រវល់​ចេញ​ទៅ​ធ្វើការ ម្ដាយ​នៅ​ដេក​សម្រាក​ក្នុង​បន្ទប់​ជាន់​ឡៅតឿ។ លុះ​ចូល​មក​ដល់​ផ្ទះ ឃើញ​ស្ងាត់បាត់​ឪពុកម្ដាយ ក៏​ឡើង​ទៅតាម​ហៅ​រក​នៅ​បន្ទប់​ឡៅតឿ ស្រាប់តែ​ប្រទះឃើញ​ម្ដាយ​របួស​បែក​ផុង​លលាដ៍ក្បាល​ហូរ​ឈាម​ជោគ​ឥដ្ឋ ទើប​ដឹង​ថា ឪពុក គាត់​ជា​មនុស្ស​សរសៃប្រសាទ ជំងឺ​រើ​ធ្វើទុក្ខ ទើប​វាយ​ម្ដាយ​បែបនេះ។ មិន​អស់ចិត្ត ហៅ​ក្រុម​សង្គ្រោះ​ឲ្យ​ជួយ តែ​ពិនិត្យ​ជាក់ស្ដែង ម្ដាយ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

បើ​តាម​អ្នកភូមិ​វិញ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រសៀល ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៣ នេះ គេ​ឃើញ​បុរស​ជា​ប្តី​ដើរ​ចេញ​ពី​ផ្ទះ មាន​កាន់​ដែក​ទីប​មួយ​កំណាត់​ផង តែ​គ្មាន​អ្នកណា​ចាប់​អារម្មណ៍ ព្រោះថា​មួយ​រយៈ​នេះ គាត់​មាន​អាការ​ធម្មតា ទាល់តែ​កូនចៅ​ចូល​ដល់​ផ្ទះ​ទើប​ដឹង​រឿង​បែបនេះ។

ករណី​ហិង្សា​ប្តី​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ពិនិត្យ កោសល្យវិច័យ ឃើញ​ថា ស្លាប់​ដោយសារ​វត្ថុ​រឹង វាយ​សំពង របួស​បែក​ផុង​លលាដ៍ក្បាល រហូត​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី។

បច្ចុប្បន្ន ជន​ដៃដល់ ត្រូវ​បាន​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ហើយ​កាលពី​ល្ងាច​ថ្ងៃខែ​ដដែល និង​នាំ​ខ្លួន​យក​ទៅ​សួរ​នាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាមច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម