Connect with us

សន្តិសុខសង្គម

លោក ប៉ែន បូណា៖ រដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រទាំងផ្ទៃក្នុង និងអន្តរជាតិ

បានផុស

នៅ

នៅព្រឹកថ្ងៃចន្ទនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ទាំងក្នុងឆាកតំបន់ និងលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកនេះ លោក ប៉ែន បូណា បានសរសេរថា ការចេញដំណើររបស់គណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាកាតា គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ បើតាមលោក ប៉ែន បូណា អំឡុងពេលចូលរួមកិច្ចប្រជុំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំចូលរួមកិច្ចប្រជុំ នៅហ្សាកាតា ក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើន ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗមួយចំនួន ដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា គណៈប្រតិភូសភា-​តំណាង​រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។

លោក ប៉ែន បូណា បានឱ្យដឹងដែរថា រហូតមកទល់ពេលនេះ មានមេដឹកនាំដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីជាង ៤០ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ លោកថា មានប្រទេសខ្លះបានផ្ញើសារអបអរសាទររហូតដល់២ ឬ៣ ក៏មាន ពោល គឺសារអបអរសាទរពីនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ លោក ប៉ែន បូណា អះអាងថា នេះ សបញ្ជាក់អំពីសន្តានចិត្ត និងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ មកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជា តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។  

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានរំលេចឡើងវិញផងដែរទៅលើលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានអត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង៨៤% ដែលក្នុងនោះ មានអ្នកបោះឆ្នោតជាង៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា កើនឡើងពីជាង៧៤% ដល់ជាង៨២%។ ក្នុងន័យនេះ លោកថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន ហើយនេះ ក៏សបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ លោក ប៉ែន បូណា បានសន្និដ្ឋានប្រកបដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម