Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនលោកផ្កាយ២ អនុប្រធានមន្ទីរគ្រឿងញៀន និងកូនចៅ៤នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន

បានផុស

នៅ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចឃុំខ្លួនលោកផ្កាយ២ អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងកូនចៅ៤នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។ ការសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរនេះ បន្ទាប់ពីសំណុំរឿងត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យជាផ្លូវការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញ​សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការឃាត់ខ្លួនមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន៥នាក់ ពាក់ពន្ធករណីចាប់ និងបង្ខាំង ជំរិតយកប្រាក់ ដែលនីតិវិធីបើកការស៊ើបសួរនៅដំណាក់កាលអយ្យការត្រូវបានបញ្ចប់ ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជនមេត្តាជ្រាប៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៤៣ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យចំនួន៥នាក់ ទី១.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ទី២.ឈ្មោះ ជួន លឹមហេង ភេទប្រុស ទី៣.ឈ្មោះ អុន សំអូន ភេទប្រុស ទី៤.ឈ្មោះ នេត សុខុម ភេទប្រុស និងទី៥.ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ដែលត្រូវបានសង្ស័យថា បានប្រព្រឹត្តសកម្មភាពដេញចាប់ជនរងគ្រោះនៅតាមផ្លូវសាធារណៈ យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាព ។ ក្រោយមក ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវរធីច្បាប់។

ក្រោយពីតំណាងអយ្យការបានបើកការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្តាប់ចម្លើយ​ជនសង្ស័យទាំងអស់ខាងលើឃើញថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន៣ករណី ករណីទី១.នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២និង០០នាទី ក្រុមជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តម៉ាក TOYOTA ALPHARD ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW.2116 និងឃាត់ខ្លួនជនរងគ្រោះជាជនជាតិចិនចំនួន៤នាក់ នៅចំណុចម្តុំក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ យកទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីធ្វើការឆែកឆេរ ដោយរកឃើញម្សៅពណ៌ទឹកក្រូចចំនួន១កញ្ចប់ថង់តូចនៅក្នុងរថយន្ត រួចចោទប្រកាន់ជនរងគ្រោះថាបានរក្សាទុកគ្រឿងញៀន។ បន្ទាប់មក ក្រុមជនសង្ស័យបានបញ្ជូនជនរងគ្រោះទាំង៤នាក់ទៅបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំងជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានទៅជួបជនរងគ្រោះ និងចរចាររឿងតម្លៃក្នុងការដោះលែងឲ្យមានសេរីភាព ដោយតម្រូវឲ្យបង់ប្រាក់ក្នុងមួយនាក់ ១០ ០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះម្តងទៀត ហើយក៏បានធ្វើការសម្របសម្រួល ឲ្យជនរងគ្រោះបង់ប្រាក់ត្រឹមចំនួន ១៥ ០០០ ដុល្លារអាមេរិក ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។

ករណីទី២.នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២៣និង០០នាទី មានជនជាតិចិនចំនួន៤នាក់ ជិះរថយន្តម៉ាក TOYOTA RALLY HILUX REVO ពាក់ស្លាកលេខភ្នំពេញ 2BB.0037 ចេញពីណាហ្គាវើល ក្រុមជនសង្ស័យព្រមទាំងបក្ខពួក បានឃាត់ និងភ្ជង់នឹងអាវុធទៅលើជនរងគ្រោះដែលមានឈ្មោះ ZHU JIWANG ភេទប្រុស ឈ្មោះ LI LEI ភេទប្រុស ឈ្មោះ LI YUNSHUAI ភេទប្រុស និងឈ្មោះ HU BANGCAI ភេទប្រុស បានរួចធ្វើការវាយខ្នោះចូលក្នុងរថយន្តបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរដោយរកឃើញម្សៅពណ៌សចំនួន​១​កញ្ចប់ថង់តូច រួចចោទប្រកាន់ជនរងគ្រោះថា បានរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបានបញ្ជូន​ជនរង​គ្រោះទៅឃុំខ្លួនជាបណ្តោះអាសន្នដើម្បីបង្ខាំង។

លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៥និង០០នាទី ក្រុមជនសង្ស័យបានទៅជួបជនរងគ្រោះ ដើម្បីចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពវិញ ដោយតម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់ចំនួន ១០ ០០០ ដុល្លារអាមេរិក ជាថ្នូរក្នុងការដោះលែង។ ក្រោយបង្ខាំងអស់ជាង១យប់ ក្រុមជនសង្ស័យបានមកចរចារពីតម្លៃក្នុងការដោះលែងឲ្យមានសេរីភាពម្តងទៀត ពេលនោះជនរងគ្រោះឈ្មោះ ZHU JIWANG បានយល់ព្រមប្រគល់ទូរស័ព្ទរួមទាំងលេខសម្ងាត់គណនីធនាគារ ABA ឲ្យទៅក្រុមជនសង្ស័យ។ ក្រុមជនសង្ស័យបានឆែកឃើញមានទឹកប្រាក់ចំនួន ៣៣ ០០០ ដុល្លារអាមេរិក បន្ទាប់​មកក្រុមជនសង្ស័យបានឲ្យជនរងគ្រោះទាំង៤ នាក់ ធ្វើលិខិតផ្ទេរសិទ្ធិដើម្បីទៅដកប្រាក់ពីធនាគារ ABA ដោយក្រុមជនសង្ស័យបានផ្ទេរប្រាក់តាមរយៈ E.CASH ដើម្បីឲ្យក្រុមជនសង្ស័យអាចដកប្រាក់បាន។ បន្ទាប់ពីដកប្រាក់បានហើយក្រុមជនសង្ស័យបានបង្ខំឲ្យជនរងគ្រោះ ធ្វើលិខិតប្រគល់ប្រាក់ ក្រោមរូបភាពជូនជាសាគុណក្នុងការដោះលែង ។ ក្នុងករណីនេះ ក្រុមជនសង្ស័យបានយកប្រាក់ពីជនរងគ្រោះសរុបចំនួន ៤២ ៧០០ ដុល្លារអាមេរិក និងដកហូតប្រាក់យ័ន្តចំនួន ២ ២០០ យ័ន្ត ដើម្បីជាថ្នូរនិងការដោយលែងឲ្យមានសេរីភាពវិញ ។

ករណីទី៣.នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២២ និង២៥នាទី ជនរងគ្រោះជាជនជាតិចិនឈ្មោះ ZHANG BOHAN ភេទប្រុស និងមិត្តភ្តិរួមដំណើរជាជនជាតិចិនចំនួន៣ នាក់ បានជិះរថយន្តម៉ាក RANGROVER ព័ណប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AP.5777 បានចេញពីផ្ទះលេខD១៨ ផ្លូវDAWIN បុរីវីរជន (កោះពេជ្រ) គោលបំណងទៅខុនដូរ CITY DINES ត្រូវបានក្រុមជនសង្ស័យប្រើប្រាស់រថយន្ត ៤គ្រឿង និងម៉ូតូ១គ្រឿង ធ្វើសកម្មភាពស្ទាក់ភ្ជង់ដោយអាវុធ AK47 នៅចំណុចមុខសារមន្ទីព្រះឥសានវ័រ្មន ផ្លូវ១០៦ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែករណីនេះពុំបានសម្រេចដោយហេតុថា ជនរងគ្រោះបានបើករថយន្តគេចខ្លួន ។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨២៩ អ.យ.ឆ ចុះថ្ងៃទី១២ វិច្ឆឹកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖
១.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៥៨ ឆ្នាំ (ឃាត់ខ្លួន)
២.ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ៣១ ឆ្នាំ (ឃាត់ខ្លួន)
៣.ឈ្មោះ អុន សំអូន ភេទប្រុស អាយុ៤៤ ឆ្នាំ (ឃាត់ខ្លួន)
៤.ឈ្មោះ នេត សុខុម ភេទប្រុស អាយុ៤២ ឆ្នាំ (ឃាត់ខ្លួន)
៥.ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ៤៦ ឆ្នាំ (ឃាត់ខ្លួន)
៦.ឈ្មោះ កែវ ខេន ភេទប្រុស អាយុ៣៤ ឆ្នាំ (គេចខ្លួន)
៧.ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន)
៨.បក្ខពួក
ពីបទ.ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នំ២០២៣ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម