សន្តិសុខសង្គម
ក្រសួងប្រៃសណីយ៍បង្កើតគម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព
ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ដួចផ្ដើមធ្វើនូវគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” ដែលជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ។

យោងតាមក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធនាគារចល័ត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានជួយជំរុញយ៉ាងឆាប់រហ័សនូវការវិវត្តនៃប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកសង្គមឌីជីថល។ ខណៈពេលដែលវឌ្ឍនភាពឌីជីថលនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន វាក៏បានពង្រីកហានិភ័យនៃសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។

ក្រសួងបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសកម្ពុជា មានការកើនឡើង ប៉ុន្តែចំណេះដឹងពីសុវត្ថិភាពសន្តិសុខសាយប័រនៅមិនទាន់ទូលំទូលាយនៅឡើយ ដែលនាំឱ្យកម្រិតហានិភ័យនៃការរងគ្រោះស្ថិតក្នុងលំដាប់ខ្ពស់ និងមិនអាចឆ្លើយតបបានទាន់ពេលវេលានៅពេលមានឧប្បត្តិហេតុណាមួយកើតឡើង។ ហានិភ័យទាំងនោះ រួមមានការបោកបញ្ឆោតអនឡាញ ការផ្ញើតំណភ្ជាប់ក្លែងបន្លំ ការជ្រៀតចូលនៃមេរោគ ការលួចអត្តសញ្ញាណ និងការលួចព័ត៌មានទិន្នន័យជាដើម។ ស្ថាប័នរដ្ឋស្ថាប័នឯកជន និងសាធារណជនទូទៅសុទ្ធតែអាចប្រឈមមុខនឹងហានិភ័យក្នុងលំហសាយប័រដែលកំពុងលេចឡើងទាំងអស់នេះ។

ក្នុងន័យនេះ គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” មានគោលបំណងសំខាន់ៗ ៤ រួមមាន៖
១. លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគំរាមកំហែង និងសុវត្ថិភាពតាមអ៊ីនធឺណែត ដល់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងហោចណាស់ចំនួន ៥០,០០០នាក់ តាមរយៈការផ្សព្វផ្សាយខិតបណ្ណព័ត៌មានឌីជីថល និងវីដេអូអប់រំខ្លីតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក.ប.ទ។
២. បង្កើនការយល់ដឹងដល់និស្សិតចំនួន ២៥០នាក់ ទាក់ទងទៅនឹងឯកជនភាពនៃទិន្នន័យ តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលានៅតាមគ្រឹះស្ថានសិក្សាចំនួន ៥ ដូចជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។
៣. ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកចូលរួមចំនួន ៣០០-៤០០ តាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រ ទាក់ទងនឹងការជ្រើសរើសជំនាញសិក្សា ឱកាសការងារ បដិវត្តន៍សន្តិសុខសាយប័រ និងអនាគតនៃវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា
៤. ជំរុញលើកទឹកចិត្ត និងបង្កើតទម្លាប់ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់លើសន្ដិសុខឌីជីថល និងប្រើប្រាស់អ៊ីនធឺណែតប្រកបដោយទំនួលខុសត្រូវ។

គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” ក៏ជាការចូលរួមគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងនោះការផ្តោតលើការធានាឱ្យមានសុវត្ថិភាព និងនិរន្តភាពនៃសន្តិសុខឌីជីថល គឺជាសកម្មភាពអាទិភាពយ៉ាងសំខាន់មួយក្នុងការចូលរួមជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាបន្ន។

គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ” បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន ដូចជា ការផ្សព្វផ្សាយតាមបណ្តាញឌីជីថល ការរៀបចំសិក្ខាសាលានៅតាមគ្រឹះស្ថានសិក្សា យុទ្ធនាការផ្សព្វផ្សាយតាមរយៈវេទិកាស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន (Cybersecurity Youth Forum)” រួមទាំងការរៀបចំកិច្ចពិភាក្សាស្ដីពី សន្តិសុខសាយប័រនៅក្នុងយុគសម័យសង្គមអេឡិចត្រូនិក និងការបណ្ដុះទម្លាប់ក្នុងការរក្សាសុវត្ថិភាពតាមអនឡាញ ដែលបានរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានអ្នកចូលរួមជាង ៣០០នាក់
សូមបញ្ជាក់ថា គម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” មានរយៈពេល ១ខែ ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


