Connect with us

កីឡា

អំពើ​ល្អ​ និង​ជា​ការ​ដឹងគុណ​ លោក​ សេន​ ប៊ុនថេន​ រួម​ទាំង​ភរិយា​បាន​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ​ដល់​ក្លឹប​ចំនួន​ពីរ​

បានផុស

នៅ

បន្ទាប់​ពី​ក្លឹប​របស់​ខ្លួន​គឺ​សេនប៊ុនថេន​គុន​ខ្មែរ​ ទទួល​បាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ចំនួន​ ៤០០​លាន​រៀល​រួច​មក​លោក​ សេន​ ប៊ុនថេន​ រួម​ទាំង​ភរិយា​ នឹក​ដល់​អ្នក​ដែល​បង្កើត​ក្លឹប​រួម​គ្នា​ពី​មុន​ភ្លាម​ដូច​ជា​លោក​ បឺត​ ខាំ​ និង​លោក​ មាស​ សុខគ្រី​ ដែល​ជា​អ្នក​មាន​គុណ​តែ​ម្ដង​ និង​បាន​ដឹក​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ​ទៅ​ជូន​ដល់​ផ្ទះ​ថែម​​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​នៅ​ក្លឹប​លោក​ បឺត​ ខាំ

ភរិយាយ​លោក​ សេន​ ប៊ុនថេន​ បាន​លើក​ឡើង​ក្នុង​វីដេអូ​ថា​ លោក​ បឺត​ ខាំ​ ជា​ដៃគូ​បើក​ក្លឹប​រួម​គ្នា​ជា​មួយ​ប្ដី​របស់​ខ្លួន​ពី​មុន​មក​ដែល​ធ្លាប់​ឆ្លងការ​ការ​លំបាក់​ជា​ច្រើន​ និង​បាន​ផ្ដល់​គំនិត​ល្អៗ​ជំរុញ​រហូត​ទទួល​បាន​ជា​ផ្លែផ្កា​ដូច​ពេល​នេះ។​ ភាព​ជោគជ័យ​របស់​ក្លឹប​សេនប៊ុនថេន​គុន​ខ្មែរ​នេះ​មាន​ដូច​សព្វ​ថ្ងៃ​គឺ​ជា​ការ​រួមចំណែក​ធំ​របស់​លោក​ បឺត​ ខាំ​ ផង​ដែរ។​ ដូច្នេះ​បន្ទាប់​ពី​ក្លឹប​របស់​ខ្លួន​ទទួល​បាន​ថវិកា​អភិវឌ្ឍន៍​ ៤០០​លាន​រៀល​នេះ​គឺ​ខ្លួន​នឹក​ដល់​លោក​ បឺត​ ខាំ​ ភ្លាម​តែ​ម្ដង​ និង​បាន​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ដល់​ក្លឹប​លោក​ បឺត​ ខាំ​ ​បង្ហាញ​ពី​គោរព​ស្រឡាញ់ និង​ដឹង​គុណ​ពី​មុនៗ​មក​ផង​ដែរ។​

លោក​ មាស​ សុខគ្រី

ក្រៅ​តែ​ពី​ការ​ឧបត្ថម្ភ​ដល់​ក្លឹប​លោក​ បឺត​ ខាំ​ ហើយ​នោះ​លោក​ សេន​ ប៊ុនថេន​ និង​ភរិយា​ បាន​បន្ត​ទៅ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ជួប​ជា​មួយ​លោក​ មាស​ សុខគ្រី​ ដើម្បី​សួរសុខទុក្ខ​ផង​ និង​ដឹក​សម្ភារ​ទៅ​ឧបត្ថម្ភ​ផង។​ ភរិយាយ​លោក​ សេន​ ប៊ុនថេន​ រំលឹក​ថា​ លោក​គ្រូ​ធំ​ មាស​ សុខគ្រី​ នេះ​ហើយ​ដែល​ជា​អ្នក​បណ្ដុះបណ្ដាល​ប្ដី​របស់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ មាន​កេរ្តិ៍ឈ្មោះ​ដូច​សព្វ​ថ្ងៃ​នេះ។​ ប្រសិន​បើ​មិន​មាន​លោក​ មាស​ សុខគ្រី​ នោះ​ទេ​ក៏​ប្រហែល​ប្ដី​របស់​ខ្លួន​មិន​មាន​ដូច​ពេល​នេះ​ ឬ​ជោគជ័យ​ដូច​ឥលូវ​នេះ​ដែរ។​

លោក​ សេន​ ប៊ុនថេន​ និង​ភរិយា​ នឹង​បន្ត​ការងារ​របស់​លោក ​មាស​ សុខគ្រី​ បន្ត​ទៀត​គឺ​ការ​បណ្ដុះ​យុវជន​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​ និង​រួម​គ្នា​បន្ត​ធ្វើ​ឲ្យ​កីឡា​មួយ​នេះ​មាន​ភាព​ល្បីល្បាញ​ទាំង​នៅ​ក្នុង​ស្រុក​ និង​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត។​

ទិដ្ឋភាព​​ក្លឹប​លោក​ មាស​ សុខគ្រី​ ឯខេត្ត​កំពង់ស្ពឺ

បញ្ជាក់​ដែរ​ថា​ ក្លឹប​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ពេល​ថ្មីៗ​នេះ​ទើប​តែ​ទទួល​បាន​ថវិកា​ ៤០០​លាន​រៀល​ពី​ក្រុម​ហ៊ុន​វឌ្ឍនៈ​ក្នុង​ការ​អភិវឌ្ឍន៍​ក្លឹប​ និង​បណ្ដុះ​ធនធាន​បន្ថែម​ក្នុង​វិស័យ​គុន​ខ្មែរ។​ ក្លឹប​លោក​ សេន ប៊ុនថេន​ រាប់​ថា​ជា​ក្លឹប​ជោគជ័យ​ខ្លាំង​មួយ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​ដោយ​សំបូរ​កីឡាករ​មាន​សមត្ថភាព​ល្អៗ​ទាំង​ខ្មែរ​ និង​បរទេស។​ លោក​ សេន​ ប៊ុនថេន​ ក៏​ជា​អតីត​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​នៅ​កម្ពុជា​ និង​បាន​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ដោយ​លោក​ មាស​ សុខគ្រី​ ផង​ដែរ៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម